រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានក្តីស្រណោះសោកស្តាយ និងសូមសម្ដែងនូវសេចក្តីសោកស្រណោះអាឡោះអាល័យជាពន់ពេកនេះ ជាមួយលោកជំទាវ សូ សូលីដារី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:០៤នាទី រំលងអាធ្រាត ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។
មរណភាពរបស់ ឯកឧត្តម អ៊ុក សុជាតិ គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ដែលជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូន ចៅ និងជាការបាត់បង់នូវធនធានមនុស្សដែលជាឥស្សរជនដ៏ឆ្នើមមួយរូប របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជា ព្រឹទ្ធាចារ្យវិរៈសិល្បករ និងជាថ្នាក់ដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើ ថែរក្សា ការពារ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ឱ្យមានភាពរីកចម្រើន ដែលជាគំរូវីរ:ភាព និងជាគុណបំណាច់របស់ ឯកឧត្តម ចំពោះបុព្វហេតុបម្រើជាតិមាតុភូមិ។
យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយនឹងលោកជំទាវ សូ សូលីដារី និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អ៊ុក សុជាតិ សូមបានប្រតិស្ឋានក្នុងទីឋានបរមសុខ នាសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕