ឆ្លងចរន្តអគ្គីសនី​ ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បាញ់ទឹកអស់៤ឡានទើបរលត់
សន្តិសុខសង្គម
95

រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង​ បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៥និង២៥នាទីល្ងាច ថ្ងៃទី០៨​ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្ទះលេខ២១B តាមបណ្តោយផ្លូវលេខ១៩៤​ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប​,​ រថយន្តជំនួយមកពីផ្សារទំនើប​ អូឡាំព្យា​ ចំនួន០២គ្រឿង​ ពុំបានប្រើប្រាស់ទឹក។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ (៤ម៉ែត្រ គុណ ២៦ម៉ែត្រ) បានបណ្តាលឲ្យឆេះខូចខាតប្រអប់ព្រីភ្លើងបន្តិចបន្តួច និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ៥និង៥០នាទីល្ងាចថ្ងៃខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ រីឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕ មេសា


Telegram