ខេត្តកំពង់ចាម ៖ យោងតាមផេកផ្លូវការរបស់អង្គភាពការពារកុមារ CPU បានបង្ហោះនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឲ្យដឹងថា សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាបុរសអាយុ ៣៥ឆ្នាំ ពាក់ព័ន្ធករណីឃាតកម្មទៅលើក្មួយប្រុសរបស់ខ្លួន ដែលមានអាយុទើបតែ១៨ខែ។
CPU បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីនគរបាលជាតិកម្ពុជា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងអំពើទារុណកម្ម និងឃាតកម្មទៅលើកុមារអាយុ ១៨ខែ ក្នុងខេត្តកំពង់ចាម។ នេះគឺជាអំពើដ៏ឃោឃៅ និងព្រៃផ្សៃបំផុត ដែលបានប្រព្រឹត្តទៅលើកុមារដែលពុំអាចការពារខ្លួនបាន។
អង្គភាពការពារកុមារ (CPU) សូមថ្លែងការកោតសរសើរដល់មន្ត្រីនគរបាលជាតិ ចំពោះការឆ្លើយតបរហ័សក្នុងការកំណត់ និងឃាត់ខ្លួនជនសង្ស័យ ហើយអង្គភាពការពារកុមារ (CPU) ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជាការជ្រោមជ្រែងដល់នគរបាលជាតិក្នុងការស៊ើបអង្កេតបទល្មើសបែបនេះ គ្រប់ពេល និងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ ក្រុមការងារយើងសូមចូលរួមរំលេក្ខទុក្ខដល់ក្រុមគ្រួសាររងគ្រោះ ។
សូមបញ្ជាក់ថា ជនសង្ស័យជាជនដៃដល់ និងជាអ៊ំបង្កើត វាយធ្វើទារុណកម្ម ទៅលើក្មួយប្រុសអាយុទើបតែ១៨ខែ ស្លាប់យ៉ាងអាណោចអាធ័ម នៅភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ហើយភ្លាមៗត្រូវបានកម្លាំងប៉ុស្តិ៍មូលដ្ឋានអន្តរាគមន៍ ចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ ។
ជនសង្ស័យរូបនេះឈ្មោះ សឿង សុភា អាយុ៣៣ឆ្នាំ ត្រូវជាអ៊ំបង្កើត បានផឹកស្រាថ្នាំនៅផ្ទះរបស់ខ្លួនអស់កន្លះលីត្រ ពេលថ្ងៃ ។ លុះពេលល្ងាច ក៏ផឹកបន្តទៀតអស់កន្លះលីត្រទៀត រហូតសម្លាប់ក្មួយតែម្តង ក្រោយអ្នកជិតខាង លឺសំឡេងក្មេងតូចយំខ្លាំងមួយភ្លែត ក៏បាត់ឈឹងទៅវិញ ខណៈផ្ទះនេះ រស់នៅមានជនដៃដល់ មានម្តាយរបស់ក្មេងរងគ្រោះ ដែលជាស្រីមេម៉ាយមានកូន២នាក់ក្នុងបន្ទុកគ្រួសារ កូនស្រីជាកូនច្បង កូនដែលស្លាប់ជាប្អូន អាយុ១៨ខែ ចំណែកប្អូនប្រុសម្នាក់ទៀតចេញទៅធ្វើការបាត់ ។ ចំណែកឪពុកម្តាយរបស់ម្តាយក្មេងរងគ្រោះ បានចំណាកស្រុកចេញទៅរកស៊ីនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ ។
ដោយឡែកជនដៃដល់ជាអ៊ំរូបនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចមូលដ្ឋានចាប់ឃាត់ខ្លួនម្ដងរួចមកហើយ ពីបទប្រើប្រាស់គ្រឿងញៀន ដោយជាប់ពន្ធនាគាររយៈពេល៦ខែ តែចេញមកវិញមកកែ បន្តលួចប្រើគ្រឿងញៀនផឹកស្រាដដែល ៕