ខេត្តកំពង់ឆ្នាំង ៖ ប្រិយមិត្តពិតជាបានជ្រាបហើយ TVFB បានធ្វើការផ្សាយម្តងរួចមកហើយ ពីការជម្រាប ប្រគេន ជាដំណឹង នូវអង្គកឋិនទានសាមគ្គី ដែលប្រារព្ធធ្វើនៅវត្តធម្មរតនៈសោភា ហៅវត្តទ្រា នាខេត្តកំពង់ឆ្នាំង ។
កឋិនទានសាមគ្គីនេះ ប្រារព្ធឡើង ដើម្បីដង្ហែវេរប្រគេនចំពោះព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់មួយត្រីមាស ក្នុងពុទ្ធសីមា វត្តធម្មរតនៈសោភា ហៅវត្តទ្រា ដែលស្ថិតក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅវេលាម៉ោង ៣ និង៣០នាទីរសៀល ជួបជុំពទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ ដើម្បីធ្វើបទនមស្សការព្រះរតនៈត្រៃ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត , ម៉ោង៥ល្ងាច និមន្តសម្តែងព្រះធម៌ទេសនា ។ លុះព្រឹកឡើងនៅថ្ងៃព្រហស្បតិ៍ ១១រោច ថ្ងៃទី៩ ខែឆ្នាំដដែល វេលាម៉ោង៧ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប្រគេនយាគូចំពោះព្រះសង្ឃ , ម៉ោង ៨និង៣០នាទីព្រឹក និមន្តព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃធុដង្គ សម្តែងព្រះធម៌ទេសនា ម៉ោង១០និង៣០នាទីព្រឹក ប្រគេនចង្ហាន់ចំពោះព្រះសង្ឃ ម៉ោង១រសៀល ដង្ហែរអង្គកឋិនទានសាមគ្គីប្រទក្សិណព្រះវិហារ និងវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ។
ដោយឡែកទិដ្ឋភាពរួម នាថ្ងៃទី៩ ខែវិច្ឆិកា នោះដែរ នៅបរិវេណវត្ត ធម្មរតនៈសោភា ហៅវត្តទ្រា មិននឹកស្មានដល់ បងប្អូនប្រជាពលរដ្ឋនាក់ ណែនណាន់ មករង់ចាំជួបព្រះភក្ត្រ័ ព្រះអង្គវនវាសី ចន្ទ មុនី ច្រើនណាស់ស្ទើរតែរកផ្លូវដើរមិនឃើញ ដើម្បីបានជួប បានឃើញព្រះភក្ត្រ័ព្រះអង្គ និងបានស្តាប់នូវការផ្សាយមេត្តាធម៌ ក៏ដូចជាសុំការប្រោសព្រំ ពរជ័យ ពីព្រះអង្គផងដែរ ៕