រាជធានីភ្នំពេញ ៖ ផ្អើលប្រជាពលរដ្ឋទាំងព្រឹកព្រលឹម ខណៈអ្នកដំណើរ ចុះបត់ជើងតូច ស្រាប់តែប្រទះឃើញសពមនុស្សប្រុស អណ្តែតផ្កាប់មុខស្លាប់ ដោយមានពាក់មួកសុវត្ថិភាព ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទី ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចក្នុងប្រឡាយទឹក ផ្លូវវិមានឈ្នះឈ្នះ ភូមិស្រែដែកជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភ្លាមៗគេឃើញមានទាំងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកកោលស្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកហ៊ុំព័ទ្ធខ្សែនៅទីតាំងកើតហេតុ និងបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រិន ណៃរុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិតសាលាNPIU ទីលំនៅភូមិពុទ្ធា ឃុំចេក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ស្នាក់នៅក្នុងវត្តពូនភ្នំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកើតហេតុ យោងតាមការបំភ្លឺពីឈ្មោះ ឃិន សុភា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរប៉ះកង់នៅចិញ្ចើមផ្លូវវិមានឈ្នះឈ្នះ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានរថយន្ត១គ្រឿងបានបើកមកឈប់នៅចិញ្ចើមផ្លូវក្បែររោងប៉ះកង់គាត់ ហើយម្ចាស់រថយន្តបានចុះទៅមាត់ប្រឡាយបត់ជើង បន្តិចក្រោយមកស្រាប់តែម្ចាស់រថយន្តបានមកប្រាប់គាត់ថាមានសាកសពមនុស្សប្រុសម្នាក់អណ្តែតទឹក គាត់ក៏ទៅមើលឃើញមានសពពិតមែន។
តាមការបំភ្លឺពីឈ្មោះ ណម ហេងលី ភេទប្រុស អាយុ២៦ឆ្នាំ ជាមិត្តភក្តិរបស់ជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះតែងតែបបួលខ្លួនផឹកស៊ី ដោយជនរងគ្រោះមានទន្លាប់ជិះម៉ូតូលឿន។ នៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនរងគ្រោះបានទូរស័ព្ទមកបបួលខ្លួនផឹកស៊ីនៅមុខសាលាកូរ៉េ តែខ្លួនមិនបានទៅទេ ព្រោះជាប់រវល់លេងបាល់។ នៅវេលាម៉ោងប្រហែល២៣និង៣០នាទី ថ្ងៃដដែល ខ្លួនបានទូរស័ព្ទទៅជនរងគ្រោះតែទាក់ទងមិនបាន, នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្លួនបានជិះម៉ូតូតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ទៅសាលាកូរ៉េឃើញមានមនុស្សចោមរោមមើលអ្វីមួយ ទើបខ្លួនបានឈប់ម៉ូតូមើលឃើញមានសាកសពមនុស្សម្នាក់ ហើយពាក់មួកសុវត្ថិភាពដែលខ្លួនចំណាំថាជាជនរងគ្រោះ រួចខ្លួនក៏បំភ្លឺប្រាប់សមត្ថកិច្ច។
តាមការពិនិត្យនៅចិញ្ចើមផ្លូវវិមានឈ្នះឈ្នះ ឃើញមានរោងប៉ះកង់១នៅមុខដីឡូតិ៍ និងជាប់ប្រឡាយទឹក, នៅពីខាងជើងរោងប៉ះកង់ចម្ងាយ១៦,៨០ម ឃើញមានស្នាមដានក្រឡាកង់ទ្រុឌដី១កន្លែង និងកញ្ចក់ម៉ូតូមើលក្រោយចំហៀងខាងឆ្វេង១។ នៅប្រឡាយទឹកមានដើមកំប្លោកប្រឡាក់ដី, ប្រឡាយទឹកមានជម្រៅ៣,១០ម ហើយនៅក្នុងទឹកមានសាកសពមនុស្សប្រុសម្នាក់អណ្តែតទឹកផ្គាប់មុខ ពាក់មួកសុវត្តិភាពកឹបគន្លឹះសុវត្ថិភាពជាប់ចង្ការ។ នៅក្នុងទឹកពីខាងក្រោមសាកសព សមត្ថកិច្ចបានមុជទឹករាវរកឃើញម៉ូតូ១គ្រឿងម៉ាកHonda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1D-5544 មានស្ថានភាពកូនសោរដោតជាប់ដុំសោរកាច់បើក, ចង្កឹះលេខជាប់លេខ៤, មានស្នាមបែកក្បាលម៉ូតូ, កង់ម៉ូតូ និងតួម៉ូតូជាប់ស្មៅ ដាច់កញ្ចក់មើលក្រោយចំហៀងខាងឆ្វេង។ ស្នាមដានក្រឡាកង់ទ្រុឌដី, ស្បែកជើង១គូរ ម៉ូតូ១គ្រឿង។
សាកសពពាក់អាវយឺតដៃខ្លី ស្លៀកខោជើងវែង ក្នុងហោប៉ៅខោមានទូរស័ព្ទដៃ១គ្រឿងម៉ាកI PHONE, ស្ថានភាពឡើងហើមស្អុយរលួយ ពងបែក របកស្បែក ឡើងក្រឡាខ្ជឹង មាត់រីក ភ្នែកលៀន ខ្លួនប្រាណមានសត្វខ្យងស៊ី, នៅក្នុងមាត់ ចុងក្រចកដៃជើងមានកំអែល ភក់ ពេលផ្អៀង និងសង្កត់ពោះមានទឹកហូរចេញតាមច្រមុះ មាត់ ដូច្នេះតាមការបញ្ជាក់ពីលោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុខវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារលង់ទឹក ជិះម៉ូតូធ្លាក់ទឹក មិនពាក់ព័ន្ធករណីឃាតកម្មទេ និងបានប្រគល់សព និងសម្ភារៈជនរងគ្រោះឲ្យសមត្ថកិច្ចប៉ុស្តិ៍សំរោងក្រោម ចាត់ការបន្ត៕ N/មេសា