រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ សហការជាមួយ នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនបាន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ដោយការគាស់ទម្លុះទម្លាយ (គាស់ទ្វារឃ្លាំងចូលលួចយកទ្រព្យសម្បត្តិ) កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១១ ត្រង់ចំណុចឃ្លាំងគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃាត់ខ្លួនបាននៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ៣៧១ ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហួង សុខណារិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅផ្ទះលេខ២៤៦ ផ្លូវព្រះសីហនុ ភូមិ៧ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់រួមមាន ទី០១ឈ្មោះ ម៉ៅ ភារុន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី០២ឈ្មោះ ឡុង សុផាត ហៅ ខ្មោចឆៅ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូតិ៍គ្មានលេខ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០៣ឈ្មោះ ភិន ផា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះ សម្ភារៈបាត់បង់រួមមាន ៖ ០១/ទូទឹកកក ចំនួន០៩គ្រឿង (ម៉ាកPANASONIC ចំនួន០១គ្រឿង,ម៉ាកMITSUBISHI ចំនួន០២គ្រឿង,ម៉ាកHITASHI ចំនួន០៦គ្រឿង) ០២/ម៉ាស៊ីនបោកខោអាវ ម៉ាកSAMSUNG ចំនួន០៧គ្រឿង ៣/កង្ហារម៉ាកHATARI ចំនួន០១គ្រឿង ០៤/កៅអីបត់ ចំនួន០២(ពណ៍ខៀវ ចំនួន០១,ពណ៌ប្រផេះ ចំនួន០១ ) ០៥/ខ្សែភ្លើងទូទឹកកក ប្រវែង២០ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន១,៨០០ដុល្លារ (មួយពាន់ប្រាំបីរយដុល្លារអាមេរិក) ។
ដោយឡែក វត្ថុតាងចាប់យក៖ ០១/ម៉ូតូម៉ាកSUZUKI SMASH ពណ៍ខ្មៅ គ្មានស្លាកលេខ(ម៉ូតូចាស់)សណ្តោងរុឺម៉ក ចំនួន០១គ្រឿង ០២/ទូទឹកកក ម៉ាកHITASHI ចំនួន០១គ្រឿង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១១ ជនរងគ្រោះ បានធ្វើដំណើរចេញពីផ្ទះលេខ២៤៦ ផ្លូវព្រះសីហនុ ស្ថិតនៅភូមិ៧ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅមើលឃ្លាំងជួលដាក់អីវ៉ាន់ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលទៅដល់ឃ្លាំងក៏បានឃើញទ្វារឃ្លាំងត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ គាស់បាក់ស្រយ៉ូវទ្វារអស់ចំនួន០៣ ហើយបានបាត់សម្ភារៈដូចបានរៀបរាប់ខាងលើ សរុបជាទឹកប្រាក់ចំនួន១,៨០០ដុល្លារ (មួយពាន់ប្រាំបីរយដុល្លារអាមេរិក) រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២រសៀល ជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។
លុះដល់វេលាម៉ោង៥ល្ងាច ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ ភិន ផា ភេទប្រុស អាយុ២៥ឆ្នាំ ទី០២ឈ្មោះ ម៉ៅ ភារុន ភេទប្រុស អាយុ២៩ឆ្នាំ រួមនិងវត្ថុតាង ម៉ូតូម៉ាកស៊ុយស៊ូគីស្មាស ពណ៌ខ្មៅ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កចំនួន០១គ្រឿង, ទូរទឹកកកម៉ាក HITACHI ចំនួន០១គ្រឿង (ជារបស់ជនរងគ្រោះ) ត្រង់ចំណុចផ្លូវ៣៧១ ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់។
ហើយនៅវេលាម៉ោង៦ល្ងាច ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឡុង សុផាត ហៅ ខ្មោចឆៅ ភេទប្រុស អាយុ៤៤ឆ្នាំ ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថាពួគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពគាស់ទ្វារឃ្លាំងជួលដាក់អីវ៉ាន់ ចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បាន ដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យខាងលើ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ