លែងស្គាល់បាបបុណ្យ! ជិះម៉ូតូមកទាក់ឆ្កែ ដល់ក្នុងវត្ត ឆ្កែអត់ជាប់ មកជាប់ខ្នោះដៃរបស់សមត្ថកិច្ចស្រុកកៀនស្វាយ!
សន្តិសុខសង្គម
264

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាព ទាក់ឆ្កែដល់ក្នុងវត្ត តែមិនបានសម្រេច បាបកម្មត្រូវបាននគរបាលប៉ុស្តិ៍ភូមិធំ និងប្រជាការពារ ឃាត់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទី យប់ថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តកៀនស្វាយក្រៅ ស្ថិតនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អាន សុគន្ធ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជាការពារ មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ចំណែកជនសង្ស័យមានគ្នា២នាក់ រួមមាន ៖

១/ឈ្មោះសាន សា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានស្រុកកំណើត ភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។

២/ ឈ្មោះទេព សំណាង ហៅបុល ភេទប្រុស មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន) ។

ដកហូតបាន ម៉ូតូ០១គ្រឿងម៉ាកហុងដាស្កូបពី ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1II-2560, ដំបងឬស្សី ប្រវែង១,១៤ម៉ែត្រ ចងភ្ជាប់ជាមួយខ្សែលួសប្រវែង ១,៧២ម៉ែត្រ ។

មុនពេលហេតុ ជនសង្ស័យឈ្មោះសាន សា ភេទប្រុស បានអង្គុយលេងនៅច្រកផ្លូវចូលវត្តកៀនស្វាយក្រៅ ខាងលិច ស្រាប់តែជនសង្ស័យឈ្មោះ ទេព សំណាងបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ផ្លាកលេខ 1II-2560 មកបបួលជូនសង្ស័យឈ្មោះសាន សា ទៅទាក់ឆ្កែនៅក្នុងវត្តកៀនស្វាយក្រៅ រួចក៏ព្រមឡើងជិះម៉ូតូឌុបជនសង្ស័យឈ្មោះទេព សំណាង ភេទប្រុស ។ ចំនែកជនសង្ស័យឈ្មោះទេព សំណាង កាន់ប្រដាប់ទាក់ករឆ្កែ រួចក៏នាំគ្នាជិះម៉ូតូឆ្វែលក្នុងបរិវេណវត្ត បានឃើញឆ្កែចំនួន០២ក្បាល ក៏ចាប់ផ្តើមទាក់ តែទាក់មិនបាន ក៏ជិះត្រឡប់មកអង្គុយនៅមុខវត្តកៀនស្វាយក្រៅវិញ បានជួបកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភូមិធំ និងប្រជាការពារកំពុងល្បាត ឃើញជនសង្ស័យទាំង២នាក់អង្គុយនៅមុខវត្តកៀនស្វាយក្រៅ ក៏បានសួរនាំ ស្រាប់តែជនសង្ស័យឈ្មោះទេព សំណាង បានរត់គេចខ្លួនបាត់។ ចំណែកជនសង្ស័យឈ្មោះសាន សា ភេទប្រុស កម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ បានឃាត់ខ្លួនយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះសាន សា ភេទប្រុស បានសារភាពថា ខ្លួនរួមជាមួយនឹងជនសង្ស័យឈ្មោះទេព សំណាង ភេទប្រុស បាននាំគ្នាទាក់ឆ្កែនៅក្នុងវត្ត ដើម្បីលក់យកប្រាក់ ។

ក្រោយពីសាកសួររួច កម្លាំងព្រហ្មទណ្ឌស្រុក បានសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្នទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់ ។ ចំនែកជនសង្ស័យឈ្មោះទេព សំណាង រត់គេចខ្លួន កម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យយកមកអនុវត្តច្បាប់ ៕


Telegram