រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យបានលេបត្របាក់អស់ក្លឹបកំសាន្ត Play 99 អស់ទាំងស្រុង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចក្លឹបកំសាន្ត Play 99 តាមផ្លូវចៃកា ភូមិ១៥ ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅតាមបណ្តាលគោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២១៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់១៨០ឡាន ស្មើរនឹង៧២០ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន , រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់១៥ឡាន , រថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន , រថយន្តទីក្រុងជ្រោយចង្វារ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន , រថយន្តផ្សារទំនើប អូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន , រថយន្តទីក្រុងនរា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន , រថយន្តសួនឧស្សាហកម្មកាណាឌីយ៉ា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន និងរថយន្តបុរីប៉េងហួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ (១៥ម៉ែត្រ គុណ ២០ម៉ែត្រ) បានបណ្តាលឲ្យឆេះក្លឹបកំសាន្ត និងសម្ភារៈអស់ទាំងស្រុងដែលមានម្ចាស់ទីតាំងឈ្មោះ SUN JIAHU ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន មេការក្លឹប និងឆេះខូចខាតសម្ភារៈ ក្នុងក្លឹបអស់ទាំងស្រុង តែពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ២និង៣០នាទីយប់ទាបភ្លឺថ្ងៃទី១២ ខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ រីឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕