ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីបើកទ្វាររថយន្ត ចូលលួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ
សន្តិសុខសង្គម
107

រាជធានីភ្នំពេញ​៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០២៣ វេលាម៉ោង១១និង០៤នាទី បានស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវ២០០៤ ខាងមុខក្រុមហ៊ុនផ្ញើអីវ៉ាន់យីហោវីរៈប៊ុនថាំ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច (បើកទ្វាររថយន្តចូលលួចយកទ្រព្យសម្បត្តិ)។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបានរួមមាន៖

១- ឈ្មោះ សុខ ជា ភេទប្រុស ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

២- ឈ្មោះ យិន ស៊ីវម៉ី ភេទប្រុស មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងនោះសម្ភារៈដកហូត៖ ទូរស័ព្ទចំនួន២គ្រឿង (Iphone 14 pro max, សាំងសុងបត់ ពណ៌ប្រផេះ), អាយផេត ពណ៌ស្វាយ, កូនកាបូប, កាតចាក់វ៉ាត់សាំង និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ,កាតបង់ពន្ធឡាន។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ជូនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្ន​ជន​សង្ស័យ​ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕


Telegram