មុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងទិញយកមកចែកចាយបន្ត ចំនួន៣នាក់ ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួន
សន្តិសុខសង្គម
247

ខេត្តកណ្តាល ​៖ ជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង១និង ១៥នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានចំនួន៣នាក់រួមមាន​៖

១- ឈ្មោះ ស្រេង វិសាល(ហៅឆក) ភេទប្រុស អាយុ២៩ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

២- ឈ្មោះ ស្រេង សុខឡេង(ហៅវិត) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

៣- ញឹម ណារី ភេទស្រី អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិរទាំងត្បូងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្នុងនោះ វត្ថុតាងចាប់យកបាន រួមមាន៖

១-ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់តូច

២-សម្ភារះប្រើប្រាស់វិចខ្ចប់ថ្នាំញៀនមួយចំនួន។

៣-ទូរសព្ទ័០១គ្រឿងម៉ាក Samsung ពណ៌ស ។

សូមបញ្ជាក់ថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ ដោយទទួលព័ត៍មានពីប្រជាពលរដ្ឋ ថាមានសកម្មភាពជួញដូរគ្រឿងញៀននៅចំណុច ផ្ទះរបស់ឈ្មោះ ស្រេងហ៊ីង ភេទប្រុស និងចំណុចព្រៃក្រោយផ្ទះ ស្រេង ហ៊ីង ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយពីទទួលព័ត៌មាននេះបានភ្លាម

កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលឈើទាល សហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងនោះមានស្រីម្នាក់ ហើយកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងបានម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០២កញ្ចប់តូច និងសម្ភារៈវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ក្រោយឆែកឆេររួច សមត្ថកិច្ចបានយកជនសង្ស័យទាំង០៣នាក់មកសួរនាំនៅប៉ុស្តិ៍នគរបាលឈើទាល នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស្រេង វិសាល (ឆក) ភេទប្រុស និងឈ្មោះ ញឹម ណារី ភេទស្រី បានសារភាពថា ថ្នាំញៀនចំនួន០២កញ្ចប់តូចខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនទិញពីមនុស្សប្រុសម្នាក(មិនស្គាល់នាមត្រកូល) មានទីលំនៅ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត ។ ចំណែកឈ្មោះ ស្រេង សុខឡេង(វិត) ភេទប្រុស កន្លងមកខ្លួនធ្លាប់ប្រើអោយឈ្មោះ ស្រេង វិសាល(ឆក) ទៅទិញថ្នាំញៀនចំនួន០៣ដង ដោយក្នុងមួយដងៗ ៤០០០០រៀល (បួនម៉ឺនរៀល) ដើម្បីយកមកប្រើប្រាស់ ។

ក្រោយសួរនាំរួចជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធីច្បាប់ ៕ អែល វិចិត្រ


Telegram