ក្រសួងកសិកម្ម នឹងសហការជាមួយសមត្ថកិច្ច បង្ក្រាបបទល្មើស ឆក់ និងដាក់ទោសឲ្យធ្ងន់ធ្ងរ ខណៈសត្វផ្សោតវ័យ៧ឆ្នាំមួយក្បាល ស្លាប់ដោយសារឧបករណ៍ឆក់ នៅស្រុកសៀមបូក ហើយឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រី រាយការណ៍ជូនសមត្ថកិច្ចនឹងមានរង្វាន់លើកទឹកចិត្ត!
សន្តិសុខសង្គម
55

ខេត្តស្ទឹងត្រែង ៖ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រដ្ឋបាលជលផល

សេចក្ដីប្រកាសព័ត៌មាន ទាំងស្រុងថា ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសត្វផ្សោត០១ក្បាល វ័យជំទង់ អាយុប្រមាណ៧ឆ្នាំ ភេទឈ្មោល ប្រវែង១,៩៤ម៉ែត្រ ទម្ងន់៦៥គីឡូក្រាម បានស្លាប់នៅភូមិកោះជ្រើម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយ ឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។

ក្នុងឆ្នាំ២០២៣នេះ ផ្សោតកើតបាន៨ក្បាល និង ស្លាប់៥ក្បាល ក្នុងនោះ កូនផ្សោតស្លាប់២ក្បាល ជំទង់២ក្បាល និងស្លាប់ដោយចាស់ជរា១ក្បាល ។

ចំពោះបញ្ហានេះ រដ្ឋបាលជលផលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស ឆក់នេះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល។

រដ្ឋបាលជលផលសូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រី។ រដ្ឋបាលជលផលនឹងផ្ដល់ជូននូវរង្វាន់លើកទឹកចិត្ត។

លេខទូរស័ព្ទផ្តល់ព័ត៌មាន៖ ០៩៧ ៦៦៦៤៩៩៩/០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ /០១២ ៨៩៧ ៩៤៣ ៕


Telegram