ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រីចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង ២និង ៤៥នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ០៦ នាក់រួមមាន ៖
១- ឈ្មោះ ចយ ជីតា ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជួញដូរ)
២- ឈ្មោះ ប៉ក់ ឡា (ហៅខ្លា) ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជួញដូរ)
៣- ឈ្មោះ ប៉ក់ ខួច ភេទប្រុសអាយុ៣២ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (ប្រើប្រាស់)
៤- ឈ្មោះ មិត្ត ស៊ីម៉ា ភេទប្រុសអាយុ២៩ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ប្រើប្រាស់)
៥- ឈ្មោះ សាយ ជីវន័(ហៅវ៉ា) ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជួញដូរ)
៦- ឈ្មោះ ហឿន កុយ ភេទប្រុសអាយុ៣០ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជួញដូរ)។
ក្នុងនោះវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៥កញ្ចប់ (តូច១១ មធ្យម០១ ធំ០៣)
, ម៉ូតូ២គ្រឿង សាន់យ៉ាន់១គ្រឿង អត់ផ្លាកលេខ របស់ជនសង្ស័យ(ចយ ជីតា) និងម៉ាកស្មាស់ ពណ៌ខ្មៅ លាយក្រហម ១គ្រឿង (ផ្លាកលេខ ភ្នំពេញ 1AC 2498)របស់ជនសង្ស័យ ឈ្មោះ ហឿន កុយ ។
មុននឹងឈានដល់ការបង្ក្រាបបាន ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា ឈ្មោះ ចយ ជីតា ភេទស្រី តែងតែមកធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចស្តុបផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋរួច កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលដីឥដ្ឋ ចុះដល់ចំណុចគោលដៅឃ្លាំមើលមុខសញាខាងលើ។ លុះដល់ម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី ១៤ ខែវិច្ឆិកា ក៍ឃើញឈ្មោះ ចយ ជីតា ភេទស្រី ជិះម៉ូតូម៉ាក សាន់យ៉ាន់ ពណ៌ត្រួយចេក គ្មានស្លាកលេខ មកដល់ចំណុចកើតហេតុ ភ្លាមនោះកម្លាំងសមត្ថកិច្ច ក៍បានឃាត់សួរនាំ ហើយឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់តូច ដែលឈ្មោះ ចយ ជីតា ទម្លាក់ចោលនៅក្បែរខ្លួន ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បន្តទៅពិនិត្យនៅផ្ទះក្នុងភូមិស្រែអំពិល ឃុំឈើទាល រកឃើញថ្នាំញៀនចំនួន០៤កញ្ចប់តូចបន្ថែមទៀត។
ក្រោយឆែកឆេររួច កម្លាំងសមត្ថកិច្ច ក៏បាននាំខ្លួនជនស្ស័យ មកសួរនាំនៅផ្នែកប្រឆាំងគ្រឿងញៀនស្រុក នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះចយ ជីតា បានសារភាពថា ថ្នាំញៀនចំនួន០៥កញ្ចប់តូចខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនទិញពីឈ្មោះ ប៉ក់ ឡា(ហៅខ្លា )ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល តម្លៃ៣០ម៉ឺនរៀល
យកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត ហើយកន្លងមកឈ្មោះ ចយ ជីតា ធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ប៉ក់ ឡា (ខ្លា) ភេទស្រី ចំនួន០៣ដងរួចមកហើយ ដោយទិញក្នុងមួយដងៗ ២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ។ រួចកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិ៍នគរបាលដីឥដ្ឋ ចុះទៅដល់ចំណុចផ្ទះរបស់ឈ្មោះ ប៉ក់ ឡា (ហៅខ្លា)ភេទស្រីនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ នៅម៉ោង៧និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល ហើយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ស្រីម្នាក់បន្ថែមទៀត ១/ឈ្មោះ ប៉ក់ ឡា (ហៅខ្លា)ភេទស្រី ២/ឈ្មោះ ប៉ក់ ខួច ភេទប្រុស ៣/ ឈ្មោះ មិត្ត ស៊ីម៉ា ភេទប្រុស ដកហូតបានថ្នាំញៀន ចំនួន០៧កញ្ចប់ (មធ្យម០១ តូច០៦) រួចសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យយកមកផ្នែកប្រឆាំងគ្រឿងញៀន ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ប៉ក់ ឡា (ហៅខ្លា) ភេទស្រី និងឈ្មោះ ប៉ក់ ខួច ភេទប្រុស បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានពិតជារបស់ខ្លួនប្រាកដមែន ដោយឈ្មោះ ប៉ក់ ឡា (ហៅខ្លា) ភេទស្រី ទិញពីឈ្មោះ វ៉ា (មិនស្គាល់នាមត្រកូល) ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិស្រែអំពិល២ ឃុំឈើទាល តម្លៃ២០ម៉ឺនរៀល ដើម្បីយកមកលក់បន្ត ។
ចំណែកឈ្មោះ មិត្ត ស៊ីម៉ា ភេទប្រុស បានសារភាពថា ខ្លួនទើបតែប្រើប្រាស់ថ្នាំញៀនអស់ចំនួន០១កញ្ចប់តូចរួច នៅលើផ្ទះរបស់ឈ្មោះ ប៉ក់ ឡា (ហៅខ្លា) ក្រោយបានចម្លើយសារភាពរបស់ឈ្មោះ ប៉ក់ ឡា(ខ្លា)ភេទស្រី នៅថ្ងៃទី១៥ ខែវិច្ឆិកា ២០២៣ វាលាម៉ោង១០ និង៣០នាទី ផ្នែកប្រឆាំងគ្រឿញៀន សហការជាមួយប៉ុស្តិ៍ដីឥដ្ឋ និងប៉ុស្តិ៍ឈើទាល បានចុះទៅដល់ផ្ទះរបស់ឈ្មោះ សាយ ជីវន័ (វ៉ា) ស្ថិតនៅ ភូមិស្រែអំពិល២ ឃុំឈើទាល ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ឈ្មោះ សាយ ជី វន័(វ៉ា) និងធ្វើកាដកហូត បានថ្នាំញៀនចំនួន០៣កញ្ចប់ធំ និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនបន្ថែមទៀត រួចសមត្ថកិច្ចបាននាំខ្លួនឈ្មោះ សាយ ជីវន័ (វ៉ា) យកមកផ្នែកជំនាញ ដើម្បីសាកសួរនិងបានសារភាពថា ថ្នាំញៀនចំនួន០៣កញ្ចប់ធំ ដែលសមត្ថកិច្ចដកហូតបានពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់ (មិនស្គាល់នាមត្រកូល ) នៅម្តុំផ្សារថ្នល់ទទឹង ខេត្តកំពង់ស្ពឺ តម្លៃ១លាន ៨០ម៉ឺនរៀលដើម្បីយកមកលក់បន្ត ហើយខ្លួនពិតជាបានលក់ថ្នាំញៀនទៅអោយឈ្មោះ ប៉ក់ ឡា(ខ្លា)ភេទស្រី និងឈ្មោះ ហឿន កុយ ភេទប្រុស ប្រាកដមែន ។
នៅពេលដែលសមត្ថកិច្ចកំពុងសាកសួរ ឈ្មោះ សាយ ជីវន័ (វ៉ា) ស្រាប់តែឈ្មោះ ហឿន កុយ តេទូរសព្ទ័ មកឈ្មោះ សាយ ជីវន័ (វ៉ា) សួររកថ្នាំញៀនដែលខ្លួនអោយលុយទៅឈ្មោះ សាយ ជីវន័(វ៉ា) ទិញមួយកញ្ចប់ធំ តម្លៃ ៦៥ម៉ឺនរៀល(ហុកសិបម៉ឺនរៀល) ភ្លាមនោះកំលាំងសមត្ថកិច្ចក៍បានទៅឃាត់ខ្លួន ឈ្មោះ ហឿន កុយ នៅចំណុចផ្សារថ្នល់ថ្មី ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ បន្ថែមទៀត រួចបានយកឈ្មោះ ហឿន កុយ មកផ្នែកជំនាញ ដើម្បីសាកសួរបន្ថែម នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ហឿន កុយ បានសារភាពថា ខ្លួនពិតជាបានអោយលុយទៅឈ្មោះ សាយ ជីវន័(វ៉ា) ដើម្បីទៅទិញថ្នាំញៀនចំនួនមួយកញ្ចប់ធំ យកមកលក់បន្តប្រាកដមែន។
ក្រោយសួរ នាំរួចជនសង្ស័យ០៦នាក់ ស្រី០២រួមទាំងវត្ថុតាងបានអនុវត្តន៍ទៅតាមនិតិវិធី និងសុំគោលការឃាត់ខ្លួនលើជនសង្ស័យទាំង៦នាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ