រាជធានីភ្នំពេញ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ។
កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០០ និង ៣០ នាទី មានករណី ចាប់ឃុំ ឃាំង និងបង្ខាំងដោយខុសច្បាប់ (ជំរិតទារប្រាក់ចំនួន ៦,៤០០ ដុល្លារអាមេរិក (ប្រាំមួយពាន់បួនរយដុល្លារអាមេរិក) និង ទូរសព្ទ័ដៃម៉ាកiphone 13 ស៊ីមកាតលេខ០៨៨ ៦២៣១០០៧ ចំនួន០១គ្រឿង) ប្រព្រឹត្តនៅចំណុចបុរីញូថោន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ ជនជាតិចិន ជិះរថយន្តមួយគ្រឿងម៉ាកTOYOTA PRIUS ពណ៌ទឹកប្រាក់ មិនចាំ ផ្លាកលេខ ប្រដាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាកចំនួន០២ដើម មានឈ្មោះ WENG SHENGFENG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន , ឈ្មោះ ZHANG YAN ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន និងបក្ខពួកមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិចិន នៅពេលជនរងគ្រោះឈ្មោះ LI CHANFU ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិ ចិន បានចេញពីហូបអាហារនៅកន្លែងកើតហេតុ ស្រាប់តែជនសង្ស័យបាននាំគ្ន ចាប់ជនរងគ្រោះដាក់ចូលក្នុងរថយន្តរួចបើករថយន្តដឹកជនរងគ្រោះគេចខ្លួនបាត់តែម្តង។
ក្រោយពីមានករណីខាងលើកើតឡើង កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ និងតាមផ្លូវដែលជន សង្ស័យបានដឹកជនរងគ្រោះគេចខ្លួន និងទីតាំងដែលជនសង្ស័យយកជនរងគ្រោះទៅចងទុក រហូតដល់កំណត់ មុខសញ្ញាប្រព្រឹត្តបទល្មើសបាន ហើយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ៤៥ នាទី កម្លាំង ការិយាល័យ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ នៅចំណុចកងផ្សាររតនាផ្លាហ្សា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ ព័ន្ធប្រព្រឹត្តបទល្មើសខាងលើ និងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖
១-ឈ្មោះ WENG SHENGFENG ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ចិន មុខរបរ អាជីវករ ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ZHANG YAN ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ចិន មុខរបរ អ្នកបើកបរ រថយន្ត ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
ក្នុងនោះវត្ថុតាងចាប់យក រួមមាន ៖ រថយន្តម៉ាក TOYOTA HIGHT LANDER ពណ៌ទឹកមាស សេរីឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AG-៤៣៧៤ ចំនួន០១ គ្រឿង, រថយន្តម៉ាក TOYOTA PRIUS ពណ៌ ទឹកប្រាក់ សេរីឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AF-៧៦៤៦, ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ ប្រផេះ ចំនួន ០១, ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ ខ្មៅ ចំនួន ០២ គ្រឿង, កាបូបដាក់ខោអាវ ម៉ាក MCYS& JPM ពណ៌ ខ្មៅ ចំនួន០១, អាវដៃវែង មានចំណាំងផ្លាត ពណ៌ ទឹកក្រូច សម្រាប់ធ្វើការងារនៅតាមការដ្ឋានចំនួន ០២, ស្បែកជើងប៉ាតា ម៉ាកPEDRO ពណ៌ ទឹកប្រាក់ ចំនួន ០១ គូ ម៉ាកNIKE ពណ៌ស ចំនួន ០១ គូ ម៉ាកSTARFOS ពណ៌ស្វាយលាយប្រផេះ ចំនួន ០១ គូ ស្បែកជើងប៉ាតាម៉ាក ARTTENGO ពណ៌ទឹកប៊ិច ចំនួន ០១ គូ , ផ្លាកលេខរថយន្តលេខ ភ្នំពេញ ២BT-២៩៩៥ (លេខពិតភ្នំពេញ ២BT-២៩០៥) ចំនួន ០២ បន្ទះ, ខ្សែរិតជ័រពណ៌ស មួយចំនួន, ខ្សែពណ៌ស ចំនួន ០២ ខ្សែ, ខ្សែអង្រឹងពណ៌បៃតង ចំនួន ០៣ ដុំ, ច្រវ៉ាកដែកចំនួន ០៤ ខ្សែ, មេសោរចំនួន ០៣, ស្រោមដៃពណ៌ខ្មៅចំនួន ០២ គូ, ស្រោមដៃ ពណ៌ផ្ទៃមេឃលាយខ្មៅ ចំនួន ០១គូ, វិទ្យុទាក់ទងម៉ាក BAOFENG ពណ៌ ខ្មៅ ចំនួន០២ គ្រឿង, ឧបករណ៍ផ្តាច់ប្រព័ន្ធកាមេរ៉ា ចំនួន ០១,ទួរវីស ដងពណ៌លឿងចំនួន០១, កែវឆ្លុះម៉ាកSAGA ជើងទម្រ និងស្រោម ចំនួន ០១, ម៉ាស ចំនួន ០៣ ដុំ, សក់ក្លែងក្លាយចំនួន ០៣, របាំងមុខជ័រកែច្នៃចំនួន ០៤, មួកសុវត្ថិភាព ពណ៌ ខ្មៅ ម៉ាក BOPA កញ្ចក់មុខលាបថ្នាំពណ៌សខាងក្នុង ចំនួន ០១, ស្កុតចំនួន ០៤ដុំ ក្រដាសអាលុយមីញ៉ូម ចំនួន ០១ដុំ, មួកកាតិប ចំនួន ០១,មួកឆាង ចំនួន ០២,សំឡីចុកត្រចៀក ចំនួន០១ថង់,ទឹកថ្នាំដបជ័រចំនួន ០៦ដប (០៦ពណ៌),ទូរសព្ទ័ដៃ ម៉ាកអាយហ្វូន ពណ៌ ខ្មៅ ចំនួន ០២ គ្រឿង,ច្រវ៉ាក់ដែកប្រវែង ១៤៥សង់ទីម៉ែត្រ និងសោចំនួន០១ (ចាប់យកពីកន្លែងកើតហេតុ) ។
ចំណែកជនរងគ្រោះ ឈ្មោះ LI CHANFU ភេទ ប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EH ៨៣៩៦៧៩៨ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្នុងនោះ សម្ភារៈបាត់បង់រួមមាន៖
-ប្រាក់ដុល្លារអាមេរិកចំនួន ៦៤០០ដុល្លារអាមេរិក(ប្រាំមួយពាន់បួនរយដុល្លារអាមេរិក)
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣ ស៊ីមកាតលេខ ០៨៨ ៦២ ៣១ ០០៧ ចំនួន ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើការិយាល័យកសាងសំណុំរឿងបញ្ចូនទៅសាលា ដំបូងរាជធានីភ្នំពេញ ៕ អែល មេសា