នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បើកប្រតិបត្តិការទាំងយប់ ឡោមព័ទ្ធបង្ក្រាបបានជនសង្ស័យ ៤១នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្ស និងអនឡាញខុសច្បាប់ ដកហូតរថយន្តស៊េរីទំនើបជាច្រើនគ្រឿង !!!
សន្តិសុខសង្គម
213

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវ បានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យចំនួន ៤១នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សនិងអនឡាញខុសច្បាប់។

ប្រតិបត្តិការនេះបានធ្វើឡើង វេលាម៉ោង ១២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅចំណុចមុខសាលាអូស្ត្រាលី ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើង ដោយយោងតាមពាក្យបណ្តឹងពីនារីម្នាក់ជាជនជាតិវៀតណាម អាចនិយាយភាសាខ្មែរ បានអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានគេចាប់ជំរិតទារប្រាក់ចំនួន២៥០០ដុល្លារ ក្រោយពីពួកគេល្បួងឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្រុមឧក្រិដ្ឋជនបានចាប់បញ្ជូនមកកាន់រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដោយឡែក ស្ត្រីជាបងស្រីរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា  នាអំឡុងពេលដែលអាជ្ញាធរនាំមកកាន់ទីតាំងចាប់បង្ខាំង ដែលស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ត្រីជាបងជនរងគ្រោះបញ្ជាក់ថា ប្អូនប្រុសរបស់នាងបានផ្ញើសារទីតាំងដែលក្រុមចាប់ជំរិតនោះមកឱ្យនាង ទើបបានជានាងដឹងទីតាំងច្បាស់បែបនេះ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមកទីតាំងខាងលើនេះតែម្ដង។

ក្នុងរង្វង់ប្រតិបត្តិការនេះយោងតាមរបាយការណ៍កម្លាំងនគរបាលបានឲ្យដឹងថា កាលពីវេលាម៉ោង ១២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះដល់ទីតាំងឡោមព័ទ្ធមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យចំនួន៤១នាក់ ក្នុងនោះមានជនជាតិបរទេសចំនួន ៣៣នាក់ ស្រីម្នាក់ ជនជាតិខ្មែរចំនួន៨នាក់។

ក្រោយប្រតិបត្តិការកម្លាំងជំនាញបានធ្វើការដកហូតរថយន្តចំនួន៤ គ្រឿងរួមមានរថយន្តម៉ាករ៉ូសរ៉ូយមួយគ្រឿង ម៉ាកធន់ត្រាមួយគ្រឿង ម៉ាកអាល់ហ្វាតមួយគ្រឿង ម៉ាកឡង់គ្រីស័រ មួយគ្រឿង ទូរសព្ទដៃចំនួន ១៧ គ្រឿង និងម៉ូតូ០២ គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាននាំយកមករក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕ មេសា


Telegram