កុំឆ្ងាញ់ពេក សាច់អាំង បុហ្វេម៉ាឆ្អែតៗអីនឹង! មន្ត្រីជំនាញ ឃាត់ទុកសាច់បង្កកមួយកន្លែង ជិត ៥,០០០គីឡូក្រាម ដែលគ្មានប្រភពច្បាស់លាស់ ក្នុងខណ្ឌមានជ័យ និងរកឃើញប្រហិតចម្រុះ ៣០គីឡូក្រាម ហួសឌឺឡេ
សន្តិសុខសង្គម
269

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា មន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នំពេញដកហូតសាច់បង្កក និងប្រហិតចម្រុះ ៣០គីឡូក្រាមនៅខណ្ឌទួលគោក ដោយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយប្រធានសាខាចុះត្រួតពិនិត្យទីតាំងស្ដុកទុក និងចែកចាយសាច់បង្កក និងប្រហិតមួយកន្លែងនៅខណ្ឌទួលគោក ដោយរកឃើញសាច់បង្កក និងប្រហិតហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣០គីឡូក្រាម ដែលពុំបានអនុវត្តតាមលក្ខខណ្ឌតម្រូវស្ដីពីសុវត្ថិភាពម្ហូបអាហារ។

ជាមួយគ្នាផងមន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នំពេញបានអនុវត្តតាមគោលការណ៍របស់ព្រះរាជអាជ្ញា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យកន្លែងកែច្នៃជើងទានិងអណ្ដាតទាដែលពុំមានអនាម័យសមស្របតាមលក្ខខណ្ឌតម្រូវស្ដីពីម្ហូបអាហារ ដោយបានផ្អាកបណ្ដោះអាសន្ន និងស្រង់យកសំណាកគំរូទៅវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានដើម្បីរកសារធាតុហាមឃាត់ផងដែរ។

ដោយឡែកនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំងជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដីនៃខណ្ឌមានជ័យ បានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុកនិងចែកចាយផលិតផលសាច់បង្កក ដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤,៧១០គីឡូក្រាម។

ផលិតផលសាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប.​ ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ ៕


Telegram