រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកទន្លេបាសាក់ត្រើយខាងលិច ហើមស្អុយទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង១០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយផ្ទះលេខ៧៦០ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើ ពុំទាន់ស្គាល់ឈ្មោះនោះទេ ភេទប្រុស ភិនភាគមានស្នាមចាក់រូបផ្កាយ ពណ៌ខ្មៅនៅក្បាលជង្គង់ខាងស្ដាំ។
យោងតាមការបំភ្លឺពីឈ្មោះ ម៉ោ ហេងលី ភេទប្រុស អាយុ៧០ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោងដឹងកើតហេតុខាងលើ មានមនុស្សមកប្រាប់គាត់ថា មានសាកសពមនុស្សម្នាក់អណ្តែតទឹកទន្លេបាសាក់ ទើបគាត់ទៅមើលឃើញមានសាកសពមែន ទើបផ្ដល់ព័ត៌មានឲ្យសមត្ថកិច្ច ដោយស្ថានភាពកន្លែងកើតហេតុ សពអណ្ដែតទឹកផ្កាប់មុខ ដៃនិងជើងនៅក្នុងទឹក ពាក់សក់ក្បាលពណ៌ខ្មៅ លាយទង់ដែង ក្បាលត្រងោលដុះសក់រុយៗ ពាក់អាវយឺតដៃខ្លី មានអក្សរEYYL84, ស្លៀកខោជើងវែងចង្កេះកៅស៊ូរឹបចុងជើង, កម្ពស់សព១,៦៥ម៉ែត្រ, នៅក្នុងច្រមុះ មាត់មាន ចុងក្រចកដៃជើងមានកំអែលភក់, ពេលផ្អៀង និងសង្កត់ពោះមានទឹកហូរចេញតាមច្រមុះ មាត់ ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាររាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារលង់ទឹក និងបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីបន្តនីតិវិធី ៕ អែល វិចិត្រ