មកដឹងពី ឈាមជ័រខ្មែរ ក្នុងវិស័យអវកាសរបស់មនុស្សជាតិ
ព័ត៌មានជាតិ
593

យោងតាមផេកផ្លូវការរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានស៊ែរបន្តពីផេកមួយ ដែលមានឈ្មោះថា Sci-Passnatexam ដែលបង្ហោះនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ និងបានឲ្យប្រភព ទៅកាន់« ទារិកា » ដែលមានខ្លឹមសារទាំងស្រុងថា ឈាមជ័រខ្មែរ ក្នុងវិស័យអវកាសរបស់មនុស្សជាតិ ។

អង្គការ NASA គឺជាអង្គភាពស្រាវជ្រាវអវកាសដ៏ល្បីរបស់សហរដ្ឋអាមេរិក ដែលប្រមូលផ្ដុំអ្នកជំនាញខាងបច្ចេកវិទ្យា និងអ្នកអវកាសជាច្រើន។

អ្វីដែលគួរចាប់ អារម្មណ៍បំផុត សម្រាប់ជនជាតិយើងគឺថា មានជនជាតិខ្មែរ ២នាក់ ស្ថិតក្នុងចំណោម ក្រុមការងាររបស់ NASA ដែរ។

ជនជាតិខ្មែរទាំង២រូបនោះ សុទ្ធជានារី ដែលអ្នកទី១គឺអ្នកស្រី Ny Sou Okon ។ ស្ត្រីដើមកំណើតខ្មែរ ដែលបានមកដល់ទឹកដីសហរដ្ឋអាមេរិក នៅពាក់កណ្ដាលទសវត្សរ៍ ឆ្នាំ ១៩៨០ ក្នុងនាមជាជនភៀសខ្លួនជាមួយឪពុកម្ដាយ និងបងៗ២នាក់ទៀត បន្ទាប់ពីក្រុមគ្រួសារបានរត់គេចពីរបបខ្មែរក្រហម ។

អ្នកស្រីគឺជាបុគ្គលិកម្នាក់ នៃអង្គការណាសា ដែលបានរួមចំណែកក្នុងដំណើរការយាន Perseverance ឆ្ពោះទៅកាន់ភពអង្គារកាលពីចុងខែកក្កដា ឆ្នាំ ២០២០ ហើយបានចុះចតដល់គោលដៅនៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២១។ អ្នកស្រីបានបញ្ចប់បរិញ្ញាបត្រ ផ្នែកវិស្វកម្មមេកានិច ពីសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ាឡូសអែនជឺឡេស (UCLA) និង បានបញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិស្វកម្មយានអវកាស ពីសាកលវិទ្យាល័យ University of Southern (សោតធើន) California ។

អ្នកស្រីបានធ្វើការជាអ្នកហាត់ការនៅក្រុមហ៊ុន Boeing នៅកំឡុងពេលជានិស្សិតបរិញ្ញាបត្រ។លោកស្រី មានប្រវត្តិការងារក្នុង ឧស្សាហកម្ម ឯកជន នៅក្នុងជំនាញផ្នែកលំហអាកាស ។ បន្ទាប់ពីបាន ធ្វើការងារអស់រយៈពេល ១៥ ឆ្នាំក្នុងវិស័យឯកជន អ្នកស្រីក៏បានចូលធ្វើការងារនៅក្នុងបេសកកម្មរុករកក្នុងលំហអាកាសដ៏អស្ចារ្យនៅមន្ទីរពិសោធន៍ NASA Jet Pro-pulsion Laboratory (JPL) ក្នុងនាមជាវិស្វករផ្នែកប្រព័ន្ធ (Systems Engineer ) ក្នុងដំណើរស្រាវជ្រាវលើភពអង្គារ ។

ឪពុកម្ដាយអ្នកស្រី តែងតែនិយាយប្រាប់អ្នកស្រីថា កម្ពុជាគឺជាប្រទេសដ៏ស្រស់ស្អាត ហើយប្រជាពលរដ្ឋមានចិត្តល្អណាស់។ អ្នកស្រីសង្ឃឹមថា រឿងរ៉ាវរបស់អ្នកស្រី នឹងជួយជំរុញទឹកចិត្តឱ្យយុវជនកម្ពុជា ស្វះស្វែងរកការងារ ក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា(STEM) ហើយតាំងចិត្តឱ្យល្អ និងមានក្ដីស្រម៉ៃឱ្យធំ។

ស្រី្តខ្មែរទី២ មកពីខេត្តបាត់ដំបង លោកស្រីឈ្មោះថា Khanara Tauch Ellers អាយុជាង ៥០ ឆ្នាំ ផ្នែកវិស្វករនៅ Engineer NASA's Jet Propulsion Laboratory។ កាលពីកុមារភាព លោកស្រីបានឃើញរូបភាពអវកាសយានិកអាប៉ូឡូ ព្រះចន្ទដើរលើទូរទស្សន៍សខ្មៅ ដែលឪពុកម្តាយ និងពូលោកស្រីចូលលុយគ្នាទិញ។ លោកស្រីក៏នឹកចង់ភ្លាមៗថា ធំឡើងនឹងធ្វើការក្នុងកម្មវិធីអវកាស។ ឪពុករបស់លោកស្រីគឺជាសាស្ត្រាចារ្យគណិតវិទ្យា រីឯម្តាយជាគ្រូបង្រៀននៅវិទ្យាល័យ។ ឪពុកម្ដាយលោកស្រី ចង់ឱ្យលោកស្រីក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រវត្ដិសាស្រ្ដក្នុងវិស័យអវកាសដ៏អស្ចារ្យមួយនេះ។

រត់ភៀសខ្លួនពីរបបខ្មែរក្រហម មកនៅសហរដ្ឋអាមេរិក ហើយភាសាអង់គ្លេស ក៏ជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់លោកស្រី ក្នុងការជម្នះ ដើម្បីសម្រេចក្តីសុបិន្តទៀតនោះ! ដំបូង លោកស្រីបានចូលរៀនថ្នាក់អប់រំមនុស្សពេញវ័យនៅពេលល្ងាច បន្ទាប់ពីធ្វើការក្នុងរោងចក្រកាត់ដេរ។

លោកស្រីបានចាប់ផ្តើមរៀនបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកវិស្វកម្មមេកានិក (Bachelor of Science in Mechanical Engineering) នៅសាកលវិទ្យាល័យរដ្ឋពហុជំនាញ California State Polytechnic, Pomona, California ហើយបានទទួលបរិញ្ញាបត្រនេះក្នុងឆ្នាំ ១៩៨៨។

ជាម្ដាយគេ ហើយថែមទាំងជាវិស្វករពេញម៉ោង លោកស្រីបានជម្នះក្នុងការធ្វើការងារលើគម្រោងអវកាសជាច្រើន រួមទាំងគម្រោង រ៉ាដា-C (SIR-C) ដែលការហោះហើរលើកទីពីរ ក្នុងគម្រោងអវកាសនេះ បានជួយឱ្យរកឃើញប្រាសាទដែលបាក់បែកនៅតំបន់អង្គរវត្តនៃប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់លោកស្រីផ្ទាល់។

រូបភាពទីអវកាសដែលលោកស្រី ចូលចិត្តបំផុត គឺជារូបភាពបំបែកដែលបង្ហាញទាំងអវកាសយានិក Apollo 11 Buzz Aldrin នៅលើឋានព្រះច័ន្ទ និង Mars 2020 Perseverance rover ព្រោះវាតំណាងឱ្យផ្លូវអាជីពរបស់លោកស្រី យ៉ាងល្អឥតខ្ចោះ។

អវកាសគឺធំទូលាយ ហើយលោកស្រីមានមោទកភាពដែលខ្លួនជាផ្នែកមួយតូចនៃលំហចក្រវាលនេះ។

លោកស្រីបានលើកទឹកចិត្ត អ្នកទាំងអស់គ្នាថា «ចូរផ្តោតអារម្មណ៍ និងប្រឹងប្រែងឆ្ពោះទៅរកក្តីសុបិនរបស់អ្នក! កុំអនុញ្ញាតឱ្យឧបសគ្គតាមផ្លូវ ធ្វើ ឱ្យការផ្ចង់អារម្មណ៍របស់អ្នកស្រពេចស្រពិល» ៕


Telegram