រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ៩៣២ ផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះបើយោងតាមផេកផ្លូវការរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយសារតែទីតាំងខាងលើមានផលលំបាក ដូចជាស្ថានភាពផ្លូវមានការតូចចង្អៀតពិបាកឲ្យកម្លាំងសមត្ថកិច្ចជំនាញរបស់យើងចូលទៅក្នុងដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។ ទោះបីជាយ៉ាងណា ក៏កម្លាំងសមត្ថកិច្ចប្រើប្រាស់វិធានសាស្ត្រដើរថ្មើរជើង ដោយធ្វើការអូសទាញទុយោទឹកចូលទៅដល់ក្នុង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យឆេះម៉ាស៉ីនបោកខោអាវចំនួន០១គ្រឿង និងពិដានជញ្ជាំងផ្ទះ នឹងសម្ភារៈមួយចំនួន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទីខែឆ្នាំដដែល។ដោយក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួស រឺក៏ស្លាប់នោះឡើយ។ ចំណកឯមូលហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ជូនថា ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ៕