អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប៉ូលិសអាមេរិកបានរាយការណ៍ឱ្យដឹងថា ជនសង្ស័យម្នាក់នៅព្រឹកថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) បានបើកការបាញ់ប្រហារនៅឯពិធីខួបកំណើតមួយក្នុងទីក្រុង ខូឡូរ៉ាដូ ស្ព្រីងស៍ (Colorado Springs) នៃរដ្ឋ ខូឡូរ៉ាដូ (Colorado) ភាគកណ្តាលសហរដ្ឋអាមេរិក ដោយបានបាញ់សម្លាប់មនុស្សចំនួន ០៦នាក់ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ នៅនឹងកន្លែងកើតហេតុតែម្ដង។
នាយកដ្ឋានប៉ូលិសទីក្រុង Colorado Springs (CSPD) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទ ដែលរាយការណ៍អំពីការបាញ់ប្រហារមួយនៅឯតំបន់ ខេនធើប៊ឺរី (Canterbury) កាលពីវេលាម៉ោងប្រហែល ១២៖១៨ នាទីពាក់កណ្ដាលអធ្រាត្រ (ម៉ោងក្នុងតំបន់) ឈានចូលថ្ងៃអាទិត្យ។
CSPD បានគូសបញ្ជាក់បន្ថែមថា «នៅពេលមកដល់ មន្រ្តីប៉ូលិសបានរកឃើញមនុស្សស្លាប់ចំនួន ០៦នាក់ និងបុរសពេញវ័យម្នាក់ដែលមានរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ប៉ុន្តែរូបគេបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក»។
បើតាមមន្ត្រីប៉ូលិសអាមេរិក ខ្មាន់កាំភ្លើងម្នាក់ដែលបានបង្កការបាញ់ប្រហារ រួចសម្លាប់ខ្លួនឯងជាក្រោយនោះ គឺជាមិត្តប្រុសរបស់ស្ត្រីជាជនរងគ្រោះម្នាក់ ដែលស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ០៦នាក់ ក្រោយការបាញ់ប្រហារ។ ការស៊ើបអង្កេតកំពុងបន្ត ចំពោះអំពើបាញ់ប្រហារដ៏កក្រើកមួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា វាជាការបាញ់ប្រហារលើកទី ៣ នៅក្នុងរដ្ឋ Colorado Springs ចាប់តាំងពីខែតុលាឆ្នាំ ២០១៥ ដែលរួមមានទាំងការសម្លាប់រង្គាល Halloween ដោយចៃដន្យនិងការវាយប្រហារទៅលើគ្លីនិក Planned Parenthood កាលពីខែវិច្ឆិកាឆ្នាំដដែល។
សហរដ្ឋអាមេរិក បានទទួលរងនូវការបាញ់ប្រហារដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងនៅឯមជ្ឈមណ្ឌល FedEx ក្នុងរដ្ឋ Indianapolis អគារការិយាល័យនៅរដ្ឋកាលីហ្វ័រញ៉ា ហាងលក់គ្រឿងទេសនៅ Boulder រដ្ឋខូឡូរ៉ាដូនិងស្ប៉ាជាច្រើននៅអាត្លង់តា។
ប្រធានាធិបតី Joe Biden កាលពីខែមុន បានចាត់ទុក អំពើហិង្សាដោយកាំភ្លើងរបស់សហរដ្ឋអាមេរិក ថា ជា« ការរីករាលដាល»និង«ភាពអាម៉ាស់អន្តរជាតិ»។
មានមនុស្សស្លាប់ជាង ៤៣.០០០ នាក់ដែលជាប់ទាក់ទងនឹងកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុនរួមទាំងការធ្វើអត្តឃាតផងដែរ៕ ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន