គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបានជាង ៩៤ភាគរយ និងគ្រោងបញ្ចប់ការងារនៅរដូវប្រាំងនេះ (មានវីដេអូ)
សន្តិសុខសង្គម
73

យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា​នាយកគម្រោង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ​បច្ចេក​ទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ចុះពិនិត្យ​ការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល -ខេត្ត​កោះកុង)។

ប្រភពក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ការចុះពិនិត្យនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារគម្រោង ដោយក្នុងនោះបានធ្វើការ​ពិនិត្យ​ឆែកកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធ) និងចុះពិនិត្យ​ទីតាំងដំឡើងផ្លាក «អរគុណសន្តិភាព» ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ត​អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យ​មើលវឌ្ឍនភាពគម្រោង និងការងារ​នៅសល់មួយចំនួន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំទៅដល់ក្រុមការងារ​បច្ចេកទេសសាងសង់ទាំងអស់ ពិនិត្យបន្ថែម​លើគ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ និងប្រព័ន្ធបង្ហូររំដោះទឹកភ្លៀង នៅតាមទីតាំងមួយចំនួនដែលងាយនឹងរងគ្រោះ និងឱ្យបន្តយកចិត្តទុកដាក់ និងខិតខំអនុវត្តការងារសម្រេចឱ្យបានតាម​ផែនការ​ដែលបានគ្រោងទុក ប្រកបដោយ​គុណភាព។

សូមជម្រាបថា គិតត្រឹមដើមខែមេសា ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណ​ភាព​ផ្លូវជាតិលេខ៤៨ នេះ បានសម្រេចវឌ្ឍន​ភាព​ការងាររប្រមាណ ៩៤.៣០ភាគរយ និងគ្រោងបញ្ចប់ការងារនៅរដូវប្រាំងឆ្នាំនេះ៕



Telegram