រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈប្រជាពលរដ្ឋ បានប្រទះឃើញសពបុរសអ្នកប៉ះកង់ម្នាក់ ស្លាប់ក្បែររម៉ក លុះប្រពន្ធមកមើលសពប្តី បាត់ទូរសព្ទមួយគ្រឿង និងលុយ៨២ម៉ឺនរៀលទៀត ។
ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង ១និង២០នាទីយប់ ឈានចូលថ្ងៃទី១៦ កក្កដា ២០២៤ នៅលើចិញ្ចើមផ្លូវ៦០ម៉ែត្រ ចំហៀងខាងលិច ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះ សៀង ចក់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអ្នកប៉ះកង់ ទីលំនៅភូមិប្រមែ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ស្នាក់នៅលើរ៉ឺម៉កម៉ូតូប៉ះកង់នៅលើចិញ្ចើមផ្លូវ៦០ម៉ែត្រ កន្លែងកើតហេតុខាងលើ និងមានបាត់ទូរស័ព្ទដៃ១គ្រឿងម៉ាកTECHNO និងបាត់លុយចំនួន៨២ម៉ឺនរៀល ដោយដំបូងឡើយ មានអ្នកធ្វើដំណើរតាមផ្លូវប្រទះឃើញជនរងគ្រោះដេកនៅលើចិញ្ចើមផ្លូវក្បែររ៉ឺម៉កប៉ះកង់ម៉ូតូ ទើបចូលទៅប្រាប់ប្រពន្ធជនរងគ្រោះដែលដេកនៅខ្ទមដីឡូតិ៍ពីខាងក្រោយកន្លែងប៉ះកង់។
ក្នុងនោះ តាមប្រភពព័ត៌មានពីឈ្មោះ ឡូវ នី ភេទស្រី ជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្ដីគាត់បើកប៉ះកង់នៅចិញ្ចើមផ្លូវ៦០ម៉ែត្រ២៤ម៉ោង យប់ឡើងគាត់បានទៅដេកនៅក្នុងរោងដីឡូតិ៍ពីខាងក្រោយកន្លែងប៉ះកង់ជាមួយកូន២នាក់។ លុះនៅវេលាម៉ោងប្រហែល៧នឹង៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ពេលហូបបាយរួចគាត់ និងកូនទាំង២នាក់បានទៅដេកនៅក្នុងរោងដីឡួតិ៍ខាងក្រោយ, ចំណែកប្ដីដេក និងប៉ះកង់នៅរ៉ឺម៉កខាងមុខ។ លុះនៅវេលាម៉ោងប្រហែល០១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ម ស្រាប់តែមានមនុស្សប្រុស២នាក់ ជាអ្នករើសអេតចាយបានស្រែកប្រាប់គាត់ថា ប្ដីគាត់ដូចមានអីមិនស្រួលទើបគាត់ចេញមកមើល ឃើញប្ដីដេកនៅក្បែរកង់រ៉ឺម៉កម៉ូតូប៉ះកង់ ហើយក៏បានចូលទៅជិតមើលប្ដីឃើញស្លាប់មានឈាមនៅត្រចៀកខាងឆ្វេងគាត់ គាត់ជាប្រពន្ធក៏បានទៅយកកន្ទេលដាក់ក្រាល រួចលើកសាកសពប្ដីដាក់លើកន្ទេល ហើយមនុស្សប្រុស២នាក់នោះបានចេញទៅបាត់, រួចគាត់ជាប្រពន្ធបានរកសម្ភារៈជាប់នឹងខ្លួនប្ដី ទើបដឹងថាបាត់ទូរស័ព្ទដៃ១គ្រឿង និងលុយចំនួន៨២ម៉ឺនរៀល។
ក្រោយកើតហេតុ គេឃើញមានទាំងនគរបាលប៉ុស្តិ៍ជើងឯក នគរបាលខណ្ឌ និងនគរបាលជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការពិនិត្យសាកសពនៅទីតាំងកើតហេតុ ដោយសព ពាក់អាវយឺតដៃខ្លី (អាវពាក់ថ្មី) ស្លៀកខោខូវប៊យឃើញវែង ដៃទាំងសងខាង ខ្នង គូទខោ ប្រឡាក់ដី សាកសពមានសភាពរឹង នៅលើខ្លួនសាកសព មានស្នាមទ្រុឌនៅថ្ងាសខាងឆ្វេង ស្នាមកោសរលាត់ដាច់ក្រម៉ចេញឈាមនៅលើស្លឹកត្រចៀកខាងឆ្វេង ពិនិត្យទឹកនោមសាកសពវិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន និងអំហ្វេតាមីន។
ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ស្លាប់ដោយសារគាំងបេះដូង បណ្ដាលមកពីប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន និងអំហ្វេតាមីន និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ អែល វិចិត្រ