ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចសំណូមពរដ៍ទទូច សូមបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ដោយការគោរពច្បាប់ទាំងអស់គ្នាអោយបានម៉ឺងម៉ាត់និងជាប់ជាប្រចាំ "« ចាំមិនត្រូវភ្លេច ៗ គ្រប់វិនាទី » ជាការសោកស្ដាយដែលករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ បុក រថយន្ដពីក្រោយ ដែលរថយន្ដនោះបានខូច រួចចតនៅលើចិញ្ចើមផ្លូវកៅស៊ូ ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ០៨-០៩ ត្រង់ចំណុចភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់បាត់បង់ជីវិតភ្លាមៗ កាលពីវេលាម៉ោង ០៤ និង ៤០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់ពីអធិការរង ទទួលបន្ទុកផ្នែកសណ្ដាប់ធ្នាប់ ថាម៉ូតូ ០១គ្រឿង ម៉ាកHONDA DREAM 125CC ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលេខខេត្ដកំពង់ចាម1U-1466 អ្នកបើកបរឈ្មោះ ឈឺន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ (ពាក់មួកសុវត្ថិភាព) រស់នៅភូមិភូមិត្រពាំងត្មាត ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ត្រង់ចំណុចដូចខាងលើ បានទៅបុកពីក្រោយរថយន្ដ ០១គ្រឿង ម៉ាកFUSO ពណ៌ស ទ្រុងបៃបង ពាក់ផ្លាកលេខចង្កូតស្ដាំPP-2466 អ្នកបើកបររថយន្ដ និងអ្នកគ្រប់គ្រងរថយន្ត បានគេចខ្លួនក្រោយមានកើតហេតុគ្រោះថ្នាក់ខាងលើ ។
លើសពីនោះ សមត្ថកិច្ចនគរបាលចរាចរណ៍ថា រថយន្ដខូចរួចឈប់នៅលើផ្លូវខាងស្ដាំដៃស្របទិសគ្នា ប៉ុន្ដែរថយន្ដមិនបានដាក់សញ្ញាសម្គាល់ ដូចជា សាជី បារាស់ មែកឈើ ឬបើកភ្លើងត្រីកោណជាសញ្ញាអាសន្នទេ ចំណុចនេះអាចធ្វើឱ្យអ្នកបើកបរប្រើប្រាស់ផ្លូវមានការបាត់បង់ម្ចាស់ការ គឺអាចកើតជាគ្រោះថ្នាក់តែម្ដង កំហុសមិនបានគោរពតាមគោលការណ៍ច្បាប់ចរាចរណ៍ កំណត់ ។
ចំពោះវត្ថុតាងមធ្យោបាយម៉ូតូ និង រថយន្ត សមត្ថកិច្ចជំនាញបានកំពុងតែនាំយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដើម្បីរង់ចាំដំណើរការតាមនីតិវិធីច្បាប់ ៕

.jpg?1749533591)
.jpg?1749533591)
.jpg?1749533592)

