ខេត្តព្រះវិហារ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារបានចេញនូវសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពធាតុអាកាសក្នុងខេត្តព្រះវិហារ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ សូមគោរពជម្រាបជូនជាព័ត៌មានធាតុអាកាស ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៤ ខាងមុខនេះ។
សម្ពាធទាបសកម្មបាននិងកំពុងស្ថិតក្នុងសមុទ្រចិនខាងត្បូង បង្កើនឥទ្ធិពលទៅជាវិសម្ពាធ និងធ្វើដំណើរមកទិសបស្ចិមចូលទៅលើប្រទេសវៀតណាមនិងប្រទេសឡាវ។ ជ្រលង វិសម្ពាធនេះ និងមានឥទ្ធិពលមកលើខេត្តព្រះវិហារ ដែលស្ថានភាពបែបនេះ និងធ្វើឲ្យមានពពកច្រើនដេរដាស មាន ភ្លៀងផ្គររន្ទះពីតិចទៅច្រើនលើសកម្រិតធម្មតា ក្នុងបរិមាណជាមធ្យមពី ៥០% ទៅ៦០% និងមានខ្យល់ខ្លាំងបក់ក្នុង ល្បឿន ពី១១ទៅ១៥ ម៉ែត្រ/វិនាទី ។
អាស្រ័យដូចបានជម្រាបជូន មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ សូមជូនដំណឹងជាសាធារណៈ សូម មេត្តាយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស មានភ្លៀងធ្លាក់ច្រើនលើសកម្រិតធម្មតា ខ្យល់បោកខ្លាំងនេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារនិងបន្តតាមដានសភាពការណ៍ធាតុអាកាស និងជម្រាបជូនជា បន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។
សូមបញ្ជាក់ផងដែរ ផ្ទះ សាលារៀន និងផ្លូវមួយចំនួនតាមបណ្តាស្រុកត្រូវជន់លិចដោយសារមានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នាច្រើនថ្ងៃ គ្រប់ទិសទីក្នុងខេត្តព្រះវិហារដូចជាក្រុងព្រះវិហារ និងស្រុកឆែប ប៉ុន្តែអាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍បាននៅឡើយ ៕