អន្តរជាតិ៖ សារព័ត៌មាន Aljazeera បានចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បានចាត់ចំណាត់ថ្នាក់អំពីវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាថា ជា «វីរុសថ្មីដែលគួរឲ្យព្រួយបារម្ភ» ខណៈ វីរុសនេះ ត្រូវបានគេ សិក្សាបឋមបានបង្ហាញថា មានសមត្ថភាពចម្លងកាន់តែលឿន និងសាហាវជាងទម្រង់ផ្សេងៗ។
អង្គការសុខភាពពិភពលោក បានប្រកាសអាសន្នអំពីវីរុសដែលត្រូវបានរកឃើញដំបូងគេ នៅក្នុងប្រទេសឥណ្ឌា ដែលឥឡូវនេះកំពុងឆ្លងរាលដាលពាសពេញពិភពលោក។
ប្រធានផ្នែកដឹកនាំការប្រយុទ្ធប្រឆាំងនឹង កូវីដ១៩ របស់អង្គការសុខភាពពិភពលោក លោកស្រី Maria Van Kerkove បានប្រាប់អ្នកសារព័ត៌មានថា «មានព័ត៌មានខ្លះបានបង្ហាញថា វីរុសនេះអាចឆ្លងកាន់តែលឿននិងងាយ» ហើយខ្លះទៀតក៏មានភាពធន់នឹងវ៉ាក់សាំងងផងដែរ។ «ដូច្នេះយើងចាត់ថ្នាក់វីរុសនេះជា ប្រភេទវីរុសថ្មីដែលគួរឲ្យបារម្ភកម្រិតសកល»។
លោកស្រី Van Kerkhove បានមានប្រសាសន៍បន្ថែមថា«យើងបន្តមើលឃើញការព្រួយបារម្ភផ្សេងៗគ្នា នៅជុំវិញពិភពលោក ហើយយើងត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបានដើម្បីកំណត់ការរីករាលដាល»។
មនុស្សរាប់រយ រាប់ពាន់នាក់បានឆ្លងវីរុសនេះជារៀងរាល់ថ្ងៃនៅក្នុងប្រទេសឥណ្ឌា ហើយមានតែជាង ២២,៦ លាននាក់ប៉ុណ្ណោះ ដែលបានឆ្លងរោគនៅក្នុងប្រទេស ចាប់តាំងពីការរាតត្បាតនៃជំងឺនេះ។
យោងទៅតាមអង្គការសុខភាពពិភពលោក ចំនួននៃការឆ្លងថ្មី កំពុងថយចុះនៅក្នុងតំបន់ភាគច្រើន នៃពិភពលោក រួមទាំងអឺរ៉ុបនិងអាមេរិក។
ដោយឡែកពីគ្នាកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ប្រធានអង្គការសុខភាពពិភព លោក បានរិះគន់អ្វីដែលហៅថា« ការទូតវ៉ាក់សាំង» ហើយបានជំរុញឱ្យប្រទេសនានាចូលរួមសហប្រតិបត្តិការ ដើម្បីបញ្ចប់នៃការរាតត្បាតជំងឺមួយនេះ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រាប់អ្នកយកព័ត៌មានថា« ការទូតវ៉ាក់សាំង មិនមែនជាកិច្ចសហប្រតិបត្តិការទេ»។ លោកបានមានប្រសាសន៍ថា« យើងមិនអាចយកឈ្នះលើជំងឺរាតត្បាតនេះបានទេ តាមរយៈការប្រកួតប្រជែង»។
យ៉ាងណាមិញជុំវិញនៃការឆ្លងនៃវីរុសបំប្លែងខ្លួនថ្មីនេះ ប្រទេសថៃបានរាយការណ៍នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ពីការរកឃើញករណីដំបូង នៃវីរុសបំប្លែងខ្លួនថ្មី B1617 ដែលជាវីរុសត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីដ១៩ របស់ថៃ ដែលហៅកាតថា (CCSA) បានគួសបញ្ជាក់ថា ករណីឆ្លងថ្មីនេះ ត្រូវបានរកឃើញលើស្ត្រីជនជាតិថៃ មានផ្ទៃពោះក្នុងសប្តាហ៍ទី២៥ វ័យ៤២ឆ្នាំម្នាក់ ដែលបានធ្វើដំណើរជាមួយកូនប្រុសរបស់គាត់ មកពីប្រទេសប៉ាគីស្ថានកាលពីខែមុននេះ។
នៅថ្ងៃចន្ទផងនោះ ក្រសួងការបរទេសថៃបានប្រកាសថា ខ្លួនក៏នឹងផ្អាកការចេញក្រដាសស្នាមអនុញ្ញាតឲ្យប្រទេស ដែលហៅកាត់ថា COE ដល់ជនបរទេសមកពីប្រទេសប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់ចាប់ពីថ្ងៃទី១០ ខែឧសភា។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃកំពុងប្រយុទ្ធជាមួយរលកឆ្លងជាលើកទី៣ នៃជំងឺ កូវីដ១៩ ដែលរីករាលដាលពីចង្កោមនៅក្នុងក្លឹបរាត្រី និងពិធីជប់លៀងកាលពីខែមុន។ នៅថ្ងៃចន្ទម្សិលមិញ CCSA បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១,៦៣០ករណី ក្នុងនោះមាន ០៨នាក់ជាករណីនាំចូលក្រៅពីនោះករណីឆ្លងក្នុងសហគមន៍ទាំងអស់៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ នង ណារិន