ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងដុតផ្ទះខ្លួនឯង ឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៤ ក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាន សុខលី ភេទស្រី អាយុ ៤៩ ឆ្នាំ នៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កម្មការិនី។
ចំណែកជនសង្ស័យមានឈ្មោះ ភុន សុខ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិព្រែកឡុង សង្តាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករដុតឡ ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន០២ដង
ករណីទី១÷ហិង្សាដោយចេតនា(កាប់គោ) ។
ករណីទី២÷ហិង្សាដោយចេតនា និងធ្លាប់ជាប់មណ្ឌលកែប្រែចំនួន០២ដង ធ្វើតេស្តទឹកនោម មានផ្ទុកសារធាតុញៀន ។
ចំណែកសម្ភារៈចាប់យករួមមាន៖ ដែកកេះហ្គាស ពណ៌ស្វាយចំនួន០១។
សម្ភារៈខូចខាត ផ្ទះឈើប្រកដំបូលស័ង្កសីនិងជញ្ជាំងស័ង្កសី ទទឹង៥ម៉ែត្រនិងបណ្តោយ៦ម៉ែត្រ (ឆេះអស់ទាំងស្រុង)។
មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់និងបានផឹកស្រាឡើងស្រវឹងនិយាយលែងដឹងអី បានមកដល់ផ្ទះ ជនរងគ្រោះជាប្រពន្ធបានចេញពីធ្វើការទិញបាយឲ្យជនសង្ស័យហូប ហើយក៏ជិះម៉ូតូទៅកន្លែងធ្វើការវិញ ពេលនោះប្អូនស្រីឈ្មោះភុន ថា បានជិះម៉ូតូមករកជនរងគ្រោះហើយបានប្រាប់ថាប្តីបងឯងដុតផ្ទះឆេះអស់ហើយ លឺដូចនោះជនរងគ្រោះមិនហ៊ានទៅមើលទេ ព្រោះខ្លាចប្តីសម្លាប់ចោល។ បន្ទាប់មកជនរងគ្រោះបានប្តឹងសមត្ថកិច្ចប៉ុស្តិ៍រការខ្ពស់ឲ្យឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។
ដោយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកដែកកេះមកដុតផ្ទះរបស់ខ្លួនដែលប្រកដំបូលនិងជញ្ជាំងស័ង្កសី បណ្តោយ៦ម៉ែត្រនិងទទឹង៥ម៉ត្រ ដោយសារខឹងប្រពន្ធរត់ចោល ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនិតិវិធីច្បាប់ ៕អែល មេសា