ខេត្តព្រះសីហនុ ៖ ដោយអនុវត្ដតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ដព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាដឹកនាំកម្លាំងក្រុមម៉ូតូល្បាតចំណុះផែន មានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល ព្រមទាំងកម្លាំងជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ឱ្យយកចិត្ដទុកដាក់ពង្រឹងការគ្រប់គ្រងសភាពការណ៍បទល្មើសព្រហ្មទណ្ឌ សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាពិសេសទប់ស្កាត់សកម្មភាពប្រមូលផ្ដុំគ្នាជាបក្ខពួក ឬក្រុមក្មេងទំនើង បង្កការអុកឡុក ធ្វើឱ្យខូចខាតទ្រព្យសម្បតិ្ដសាធារណៈ ឬអ្នកដ៏ទៃ ព្រមទាំងបង្កើតឱ្យមានអំពើហិង្សា ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងម៉ូតូល្បាត របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី គួច ធារិទ្ធ និងលោកឧត្ដមសេនីយ៍ត្រី សួស សិលា ជាស្នងការរងជួយការិយាល័យជំនាញទាំងពីរ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង ចំនួន០៣ករណីមាន០៦ក្រុម ជនសង្ស័យសរុបចំនួន២៣នាក់ និងចាប់ដកហូតវត្ថុតាងសរុបមានចំនួន ម៉ូតូ១១គ្រឿង ដាវ០១ដើម មួកសុវត្ថិភាព ស្បែកជើង ខ្សែក្រវ៉ាត់ និងទូរស័ព្ទដៃ ។
ជនសង្ស័យទាំង២៣នាក់ខាងលើត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្ដព្រះសីហនុ តាមដីកាសម្រេចរបស់សាលាដំបូងខេត្ដព្រះសីហនុ ៕