ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ បានឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីលួចរថយន្ត (ជាជនដៃដល់) នៅចំណុចច្រាំងបាក់ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ប្រព្រឹត្តល្មើសកាលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០២:១៨នាទី រំលងអធ្រាត្រ នៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ៥ ស្ថិតនៅក្រុមទី១៤ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបន្តឃាត់ខ្លួនអ្នកទទួលផលចោរកម្ម (លួចរថយន្ត) ចំនួន ០៣នាក់ បន្ថែមទៀត នៅចំណុចភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ង្វៀង យ៉ាំងវី ហៅ សុខ ដាវី ភេទប្រុស ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ ជិតផ្សារក្រុងតាខ្មៅ ខេត្តកណ្តាល (ជនដៃដល់)។
២-ឈ្មោះ ង្វៀង យ៉ាំងតាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរ ជាងដែក មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ ច្រាំងបាក់ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (សហចារីដឹកទម្លាក់)។
៣-ឈ្មោះ ង្វៀង យ៉ាំងឡេវ ភេទប្រុស ជនជាតិវៀតណាម មុខរបរ ជាងដែក មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
៤-ឈ្មោះ ប៉ាង យ៉ាំងធី ភេទប្រុស ជនជាតិវៀតណាម មុខរបរ ទិញលក់អេតចាយ មានទីលំនៅ ផ្ទះលេខ១៧អា ផ្លូវនិរោធទឹកស្អាត សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
៥-ឈ្មោះ អ៊ុក ឧត្តម ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជួលមេក្រូម៉ាស៊ីនភ្លើង មានទីលំនៅ ផ្ទះលេខ១២៤ ផ្លូវកោះនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សម្ភារបាត់បង់៖ រថយន្តម៉ាក MITSUBISHI PICKUP ពណ៌បៃតងចាស់ ពាកផ្លាកលេខ ភ្នំពេញ 2E-1893 ។ វត្ថុតាងចាប់យកបានរួមមាន៖ រថយន្តម៉ាក MITSUBISHI PICKUP ពណ៌បៃតងចាស់ ពាកផ្លាកលេខ ភ្នំពេញ 2E-1893 (ផលនៃបទល្មើស), ម៉ូតូម៉ាក ម៉ីអូ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1M-0362 (មធ្យោបាយជិះធ្វើសកម្មភាព)។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕