នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ ទំនិញម្ហូបអាហារ ដែលបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅតាមទីផ្សារគោលដៅក្នុងខេត្តចំនួន ៤រួមមាន៖ ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ ខេត្តកំពត និងខេត្តកោះកុង។ គោលបំណងនៃការត្រួតពិនិត្យគឺធានាការពារសុខុមាលភាពប្រជាពលរដ្ឋ ទប់ស្កាត់ទំនិញមិនមានអនុលោមភាពសម្រាប់អ្នកប្រើប្រាស់ រួមទាំងទំនិញមិនមានច្បាប់អនុញ្ញាត ខុសនឹងបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ជាដើម ។ល។
មន្រ្តីជំនាញបានត្រួតពិនិត្យលើសំណាកគំរូចំនួន ៤៦ប្រភេទនៃមុខទំនិញ ដែលក្នុងនោះពុំមានសារធាតុគីមីហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកប្រើប្រាស់ឡើយ ផ្ទុយទៅវិញមន្រ្តីជំនាញបានដកហូតទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៦៤.១៩គីឡូក្រាម យកមកកម្ទេចចោលតាមនីតិវិធី។ ជាមួយគ្នានេះ មន្ត្រីយើងក៏នៅបន្តអប់រំផ្សព្វផ្សាយអំពីបទប្បញ្ញត្តិសំខាន់ៗ និងបានចែកជូននូវផ្ទាំងរូបភាពផ្សព្វផ្សាយ Poster ស្តីពីសុវត្ថិភាពម្ហូបអាហារចំនួន ១០ផ្ទាំងដល់អាជីវករផងដែរ៕
















