ខេត្តកណ្តាល ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គប់នឹងដុំឥដ្ឋ) កើតឡើង ស្ថិតនៅឃុំព្រែទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។ ពិសេសអនុវត្តន៏តាមទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និង ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និង ស្រុកលើកដែក បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ភេទប្រុស នៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល យកមកអង្គភាពដើម្បីសាកសួរ។
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់បន្ថែមទៀត នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់បន្ថែមទៀត នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងនោះវត្ថុតាងចាប់យករួមមាន៖ អាវុធខ្លី ០១ដើម ម៉ាកឡុក បង់០១ គ្រាប់៣០គ្រាប់, ម៉ូតូ ចំនួន ០៤គ្រឿង, ទូរស័ព្ទ ០៧គ្រឿង, កាបូបដៃ០២។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។












