រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចល្បាត របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ឃាត់យុវជន២នាក់ ពាក់ព័ន្ធករណីបង្ក ហិង្សាដោយចេតនា (ប្រើដៃវាយ) និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាំបិតប៉័ងតោ)។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ចំណុច ស្តុបវត្តច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ សៀង វិបុល ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករទឹកសុទ្ធ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួន ២នាក់ ៖
១-ឈ្មោះ ស៊ិន ឆារិទ្ធី ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
២-ឈ្មោះ ផន លីដេ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
លោក វរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ដោយអនុវត្តតាមបទបញ្ជាលោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ត្រូវពង្រឹងការងារល្បាតពួនស្ទាក់ បង្ការ និង បង្ក្រាប ក្មេងទំនើងប្រមូលផ្តុំ ដែលអាចបង្កជំលោះ ដូចនេះហើយ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ បានដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញយុវជនទំនលង២នាក់ ជិះម៉ូតូម៉ាក ហុងដា ស្កូបពី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១I-៥៣១៤ មកឈប់ក្បែរ ជនរងគ្រោះ រួចជនសង្ស័យក៏វាយជនរងគ្រោះត្រូវថ្គាមឆ្វេង មួយដៃ ហើយជនរងគ្រោះក៏ស្រែកឲ្យគេជួយ ពេលនោះជនសង្ស័យក៏យកកាំបិតប៉័ងតោបំរ៉ុងរកកាប់ជនរងគ្រោះ បន្ថែមទៀត តែដោយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍កំពុងល្បាតនៅជិតកន្លែងកើតហេតុ សមត្ថកិច្ចយើង បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ រួមនិងវត្ថុតាងម៉ូតូ ១គ្រឿងម៉ាកខាងលើ, កាំបិតប៉័ងតោ១ (របស់ជនសង្ស័យ) បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ធ្វើការសួរនាំ បញ្ជួនខ្លួនបន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី៕មេសា