ទណ្ឌិតចំនួន ១៩៧នាក់ ដែលបានបញ្ចប់នីតិវិធីរួចរាល់នៅតុលាការ និងកំពុងឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ត្រូវបានដឹកជញ្ជូនផ្ទេរយកទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងនៅស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។
បើយោងតាម ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ នេះជាសកម្មភានៃអនុវត្តតួនាទីរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការរៀបចំឱ្យបានរៀបរយនូវការគ្រប់គ្រងជនជាប់ឃុំ។ ពោលគឺអ្នកជាប់ឃុំដែលមានការកាត់ទោសរួចរាល់ ត្រូវរៀបចំឱ្យពួកគាត់ទៅកាន់មណ្ឌលអប់រំកែប្រែ ហើយទីតាំងដែលជាកន្លែងស្ដារនីតិសប្បទាពិតប្រាកដ គឺនៅតាមមណ្ឌលអប់រំកែប្រែ។ ម្យ៉ាងទៀត ក្រៅពីការផ្ទេរទណ្ឌិតទៅកាន់មណ្ឌលអប់រំកែប្រែហើយនោះ ការផ្ទេរដែលមានចំនួនច្រើននៅថ្ងៃនេះ ក៏ដោយសារតែស្ថានភាពចង្អៀតណែននៅតាមពន្ធនាគារផងដែរ ដែលទាមទារឱ្យមានការផ្ទេរចេញ។
ប្រភពដដែល បានឱ្យដឹងថា នៅមួយរយៈចុងក្រោយនេះ មានចរន្តនៃការផ្ទេរអ្នកទោស ត្រូវបានធ្វើឡើងជាញឹកញាប់នៅគ្រប់អង្គភាពទូទាំងប្រទេស ពោលគឺពីពន្ធនាគារដែលមានភាពចង្អៀតណែនទៅកាន់កន្លែងដែលមានភាពធូរស្រាល ជាពិសេសនៅតាមមណ្ឌលអប់រំកែប្រែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារខាងលើ បានគូសបញ្ជាក់ថា ដើម្បីអាចផ្ទេរអ្នកជាប់ឃុំពីពន្ធនាគារមួយទៅពន្ធនាគារមួយ ជាដំបូងឡើយត្រូវមានគោលការណ៍ពីក្រសួងមហាផ្ទៃ ក្នុងការអនុញ្ញាតឱ្យផ្ទេរទៅតាមបញ្ជីរឈ្មោះដែលបានស្នើទៅ បន្ទាប់មកទើបមានការរៀបចំកម្លាំង និងរថយន្តសម្រាប់ដឹកនាំជញ្ជូន។ ជាក់ស្ដែងសម្រាប់ការដឹកជញ្ជូនផ្ទេរអ្នកទោសទាំង ១៩៧នាក់ មានការចូលរួមសហការពីកម្លាំងនៃនាយកដ្ឋានសន្តិសុខ, កម្លាំងប្រតិបត្តិនៃអគ្គនាយកដានពន្ធនាគារ, កម្លាំងពីអង្គភាពពន្ធនាគារ ជាពិសេសក៏មានចូលរួមពីកងកម្លាំង នៃអគ្គស្នងការនគរបាលជាតិ ដែលបានចូលរួមតាមការស្នើរសុំនៅពេលមានការដឹកជញ្ជូនផ្ទេរអ្នកទោសមានចំនួនច្រើនដូច្នេះ។
ក្រៅពីនេះក៏មានកងកម្លាំងនៅតាមមូលដ្ឋាន បានចេញមកជួយសម្របសម្រួលរហូតទាល់តែកាដឹកជ្ជូនបានទៅដល់គោលដៅដោយជោគជ័យ។
បើតាមប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានឱ្យដឹងទៀតថា រាល់ការដឹកនាំជញ្ជូននាពេលកម្លងមក ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការរៀបចំរបៀបរៀបរយធ្វើយ៉ាងណាការពារសុខសុវត្ថិភាពដល់អ្នកជាប់ឃុំ និងកម្លាំងដែលចូលរួមទាំងអស់ តាមរយៈការត្រៀបទុកជាមុនគ្រប់ជ្រុងជ្រោយ បញ្ចៀសបាននូវហានិភ័យជាអតិបរមា ធ្វើឱ្យបេសកកម្មដឹកជញ្ជូនអ្នកជាប់ឃុំរាល់លើកទទួលបានជោគជ័យ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ មកដល់ពេលនេះមានចំនួនអ្នកជាប់ឃុំទូទាំងប្រទេសប្រមាណជាង៥ ម៉ឺននាក់ ដែលមាន៤៩សញ្ជាតិ។ តាមការព្យាការណ៍តួលេខអាចមានការកើនឡើងដល់ ៦ម៉ឺននាក់នាពេលខាងមុខ ខណៈពន្ធនាគារមួយចំនួនកំពុងប្រឈមនឹងភាពចង្អៀតណែនក្នុងពេលបច្ចុប្បន្ន៕