យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពកម្ពុជានៅព្រំដែន បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ។
ឯកឧត្តមបានលើកឡើងដូច្នេះ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន បន្ទាប់ពីមានករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជា ណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី០៦ មិថុនា ២០២៥ នេះ។
ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា៖ "ហេតុការណ៍ពិតប្រាកដ គឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៥ និង៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធនេះបានបណ្តាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត"។
បន្ថែមពីលើនេះ ការវាយប្រហារនេះបានបំពានទៅលើអធិបតេយ្យភាពរបស់កម្ពុជា និងMOU ដែលបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងខែមិថុនា ឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជាពិសេសតំបន់មានទំនាស់។
ឯកឧត្តម បានបញ្ជាក់ផងដែរថា កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយកម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី៕



