អន្តរជាតិ៖ សារព័ត៌មាន South China Morning Post បានចេញផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា អតីតបវរកញ្ញាក្នុងកម្មវិធី «Miss Grand Myanmar» ឆ្នាំ២០១៣ នាង ថា ថេត ថេត (Htar Htet Htet) ថ្មីៗនេះបានបង្កឲ្យសាធារណៈជនចាប់អារម្មណ៍ខ្លាំង ដោយសារនាងសុខចិត្តកាន់កាំភ្លើង ចូលរួមក្នុងចលនាប្រឆាំងនឹងរបបយោធា។
ប្រទេសមីយ៉ាន់ម៉ា រហូតមកទល់នឹងបច្ចុប្បន្ននេះ បានធ្លាក់ក្នុងសភាពវឹកវរ ដែលមានទាន់ឃើញសញ្ញាណាមួយប្រសើរឡើងវិញឡើយ ចាប់តាំងពីរបបយោធាដឹកនាំដោយលោក មីន អោង ហ្លេង (Min Aung Hlaing) ឡើងកាន់អំណាចនៅថ្ងៃទី០១ ខែកុម្ភៈមក។ ងាកទៅខាងផ្នែកសិល្បៈវិញគឺ ពិធីករ តារាចម្រៀង និងតារាសម្តែងជាបន្តបន្ទាប់ ក៏បានចេញមុខប្រឆាំងរបបយោធាមីយ៉ាន់ម៉ាផងដែរ ហើយក្រោយមកក៏ត្រូវបានសមត្ថកិច្ច ចាប់ឃុំខ្លួនជាបន្តបន្ទាប់ផងដែរ។
ជាក់ស្តែង នាង Htar Htet Htet ដែលធ្លាប់តំណាងឲ្យប្រទេសម៉ាយ៉ាន់ម៉ា ចូលរួមប្រកួតកម្មវិធី «Miss Grand International» នៅប្រទេសថៃក្នុងឆ្នាំ២០១៣ វិញ បាននឹងកំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង តាមរយៈរូបភាពនាងកាន់កាំភ្លើង ដើម្បីបង្ហាញពីជំហរប្រឆាំងរបបយោធា អមដោយសារបំផុសទឹកចិត្តនៅលើបណ្តាញសង្គម។
គួរជម្រាបថា គិតត្រឹមថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២១ គឺមានរយៈពេល ១០០ថ្ងៃហើយ ដែលរបបយោធាបានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អោង សាន ស៊ូជី ចេញពីអំណាច ខណៈការប្រើអំពើហិង្សាពីសំណាក់របបយោធា ទៅលើក្រុមបាតុករទាមទារលទ្ធិប្រជាធិបតេយ្យ នៅតែបន្តកើតមានឡើង៕ ប្រភព៖ independent ប្រែសម្រួល៖ នង ណារិន