ក្រោយរកឃើញថាបានប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើអោយមានមនុស្សស្លាប់រួចយកសាកសពមកផ្លុងចោលនៅកំប៉ូតព្រៃជាមួយក្មេងស្រីអាយុ៣ឆ្នាំអង្គុយយំអោបសពមួយយប់ទល់ភ្លឺគួរអោយសង្វេក។
ករណីនេះបានកើតឡើងនៅស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
គ្មានអ្វីលាក់បាំងបានយូរឡើយ ស្រាប់តែបងប្អូនប្រជាពលរដ្ឋប្រទះឃើញក្មេងស្រីអាយុ៣ឆ្នាំ យំឱបសាកសពស្ត្រីម្នាក់នៅកំប៉ូតព្រៃ ដោយសារតែគ្រូពេទ្យចិត្តអប្រិយ ដែលជាម្ចាស់គ្លីនិកឯកជន យីហោសុងហាក់ ម៉ារីណា ប្រព្រឹត្តិអំពើផ្ទុយពីវិជ្ជាជីវៈ មានចេតនាចង់បិទបាំងនៅការព្យាបាលរបស់ខ្លួន ដែលធ្វើអោយអ្នកជំងឺបានស្លាប់ រួចយកជនរងគ្រោះនឹងក្មួយស្រីដឹកតាមរថយន្តមកផ្លុងចោលនៅកំប៉ូតព្រៃស្ងាត់មួយកន្លែងទាំងយប់ ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ដែលអំពើនេះជាសកម្មភាពដ៏សាហាវ និងឃោឃៅបំផុត ដែលមហាជនមិនអាចលើកលែងបាន នឹងស្អប់ខ្ពើមជាទីបំផុត ។
យោងតាមសមត្ថកិច្ចបានបញ្ជាក់ផងដែរថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញសាកសពស្ត្រីម្នាក់រួមជាមួយក្មេងស្រីអាយុ៣ឆ្នាំ នៅអង្គុយយំឱបសពនៅក្នុងកំប៉ូតព្រៃនាវេលាម៉ោង ០៦ និង ៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញាអមអាយ្យការសាលាដំបូងខេត្ដ បានបញ្ជាអោយកងកំលាំងនគរបាលជំនាញសហការណ៍ជាមួយកំលាំងនគរបាលស្រុកបាទី ចុះទៅដល់កន្លែងកើតហេតុធ្វើការសាកសួរពិនិត្យវិភាគ និងប្រមូលវត្ថុតាងនៅជុំវិញកន្លែងកើតហេតុ។ ក្រោយការពិនិត្យសមត្ថកិច្ចបានធ្វើការកំណត់មុខសញ្ញាបាន រហូតឈានដល់ការឃាត់ខ្លួនគ្រូពេទ្យពីរនាក់ប្ដីប្រពន្ធ រួមមានឈ្មោះ ហៀង សុងហាក់ ភេទប្រុសអាយុ ៣៧ឆ្នាំ និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ ជាម្ចាស់គ្លីនិកឯកជន យីហោ សុងហាក់ ម៉ារីណា ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ថាខ្លួនពិតជាបានធ្វើសកម្មភាពនេះពិតប្រាកដមែន ។
ហើយនៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានក៏សាងសំណុំរឿង និងនាំខ្លួនគ្រូពេទ្យទាំងពីរនាក់ប្ដីប្រពន្ធនេះទៅសាលាដំបូងខេត្ដហើយ ដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់ ៕