ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់១ទៀតបានឆក់យកជីវិតមនុស្ស ត្រង់ចំណុចចំណោទលោកយាយម៉ៅ ខណៈរថយន្តធន់ធំដឹងឈើ បានបើកបរក្នុងល្បឿនយ៉ាងលឿនចុះចំណោតបានជ្រុលទៅបុកម៉ូតូ០១គ្រឿង
ក្រោយបុករួចបានចំងាយប្រហែលជាង២០០ម៉ែត្រ រថយន្តធុនធំបានបុកខឿនពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើង០១ដើម និងបានបន្តទៅបុករះពីក្រោយ ក្រឡាប់ សង្កត់ប៉ះរថយន្ត០១គ្រឿងទៀត បណ្តាលឳ្យមនុស្សម្នាក់បានស្លា.ប់កៀបជាប់ក្នុងកាបីនរថយន្ត និងម្នាក់ទៀតរងរបួ.សធ្ងន់ ។ ហេតុការ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
ស្ថិតនៅ ត្រង់ចំណុចជិតP4 ចំណោតចុះពីលោកយាយម៉ៅមកស្តុបកែងរ៉ា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឳ្យដឹងថាមុនពេលកើហេតុករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយរថយន្តធុនធំ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-0844 និងមានសណ្តោងសឺមីរ៉ឺម៉ក បើកបរក្នុងទិសដៅពីកើតឆ្ពោះទៅលិចក្នុងល្បឿនលឿ ហើយស្ថានភាពផ្លូវចុះចំណោតផង លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបង្កបានជ្រុលទៅបុកម៉ូតូ០១គ្រឿង ម៉ាក QBIX ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IH-2717 បើកបរដោយរឈ្មោះ ភឿន ម៉ូនីកា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទិសដៅស្របគ្នាក្រោយបុករួចបានចំងាយប្រហែលជាង២០០ម៉ែត្រ រថយន្តធុនធំបានបុកខឿនពុះចែកទ្រូងផ្លូវ បង្គោលភ្លើងមួយដើមនិងបានបន្តទៅបុកពីក្រោយរថយន្ត០១គ្រឿងទៀត ម៉ាក RAM REBEL ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BU-7754 អ្នកបើកបរឈ្មោះ ឡេង ទីណាត់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទិសដៅស្របគ្នា រួចរថយន្តធំបានរុញអូសរថយន្តម៉ាក RAM ចូលទៅចំណែកផ្លូវខាងឆ្វេងដៃ របស់រថយន្ត០១គ្រឿងទៀតម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AP-2745 អ្នកបើកបរឈ្មោះ ស៊ន ដើង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់តាក់ស៊ី បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងឈប់ស្តុបក្នុងទិសដៅផ្ទុយគ្នា បានគេចទៅខាងស្តាំដៃបុកផ្លាកយីហោរបស់ស្ថានីយ៍ប្រេងតេលាទើបរថយន្តអស់ល្បឿន ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបើតាមរបាយការណ៍ដដែលបានឳ្យដឹងទៀតថាចំពោះអ្នកបើកបររថយន្តបង្កនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែករថយន្តបង្កជាកម្មសិទ្ធឯកជន ហើយករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ រងរបួសមនុស្ស០២នាក់ ខូចខាតរថយន្ត និងម៉ូតូចំនួន០៤គ្រឿង
ក្រោយបង្កហេតុអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើហេតុ ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង យករថយន្ត០៣គ្រឿង និងម៉ូតូ០១គ្រឿង មករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកអ្នករបួសត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ចំពោះសពរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖លីណា