ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលព្រំដែនទឹកបានឲ្យដឹងថា មានករណីលិចទូកដឹកទំនិញ និងដឹកភ្ញៀវទេសចរណ៍បរទេសមួយគ្រឿងរបស់ក្រុមហ៊ុនស្ពីតហ្វឺរឺ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងជាង៤ និង៣០នាទីល្ងាច ។ ករណីលិចទូកនេះបានកើតឡើងស្ថិតនៅម្តុំជិតកូនកោះ ក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងដែរថា ទូកដឹកទំនិញ និងដឹកភ្ញៀវទេសចរណ៍បរទេសមួយគ្រឿងរបស់ក្រុមហ៊ុនស្ពីតហ្វឺរឺក្រោយទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ច និងប្រជាពលរដ្ឋដែលនៅជិតនោះ និងក្រុមសង្គ្រោះស្មគ្រ័ចិត្តមានម៉ូតូទឹក ខាងអូបរ័ល្បឿនលឿន ក្នុងនោះ ក៏មានក្រុមការងារអូបរ័អ្នកឧកញ៉ាទៀ វិចិត្រផងដែរ បានចេញទៅអន្តរាគមន៍ជួយស្រង់មនុស្សនៅលើទូកទាំងអស់បានដោយសុវត្ថិភាព ប៉ុន្តែទូកបានលិចបាត់ចូលទៅក្នុងសមុទ្រ បណ្តាលឲ្យខូចខាតសម្ភារៈរួមមាន៖១-ទូក១គ្រឿងលិចបាត់ទាំងស្រុង ២-ស៊ីម៉ងត៍២តោន ៣-ម៉ូតូScopy ១គ្រឿង និង៤-សម្ភារៈជាទំនិញចំរុះជាច្រេីនមុខទៀត។
សមត្ថកិច្ចបានបញ្ចាក់ឳ្យថាចំពោះមនុស្សដែលជួយស្រង់ និងសង្គ្រោះបានជាអ្នករួមដំណើរលើទូកសរុប ១៨នាក់ ស្រី០៦នាក់ ក្នុងនោះ មានជនបរទេសចំនួន០៩នាក់ ស្រី០៥នាក់ និងជនជាតិខ្មែរ ០៩នាក់ ស្រីម្នាក់ផងដែរ ។
ជុំវិញករណីលិចទូកខាងលើបើយោងតាមការសន្និដ្ឋានជំហានដំបូងបានឳ្យដឹងថាទូកលិចដោយសារខូចម៉ូទ័របូមទឹក ចំពោះទូកដែលលិចមានបណ្តោយ២៦ម៉ែត្រ និងទទឹង៦ម៉ែត្រករណីខាងលើនេះពុំបណ្តាលឳ្យមានមនុស្សរងរបួសនោះទេ៕ដោយ៖លីណា