ការប្រយុទ្ធគ្នារវាង កងទ័ពឯករាជ្យកាឈិន និងរបបសឹកយោធា កំពុងកើនឡើងខ្លាំងនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា
អន្តរជាតិ
116

អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ការប្រយុទ្ធគ្នារវាងកងទ័ពឯករាជ្យកាឈិន (KIA)និងរបបយោធា បានកាន់តែខ្លាំងឡើងនៅក្នុងក្រុងម៉ានស៊ី នៃរដ្ឋកាឈិន បន្ទាប់ពីរបបយោធាបានពង្រឹងកងទ័ពរបស់ខ្លួននៅក្នុងតំបន់នោះ។

ការប៉ះទង្គិចគ្នាបាននិងកំពុងបន្តនៅក្រុង Mansi រយៈពេល៣ថ្ងៃ។ កាលពីថ្ងៃព្រហស្បតិ៍ របបយោធា បានបើកការវាយប្រហារតាមអាកាសចំនួនពីរលើក ប្រឆាំងនឹងភូមិ Madan Yang ដែលការប្រយុទ្ធគ្នាបានកើតឡើង។

ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកើតឡើង បន្ទាប់ពីក្រុម KIA បានធ្វើការវាយប្រហារកាលពីថ្ងៃអង្គារ ប្រឆាំងនឹងកងទ័ពរបបនេះ ក្នុងគោលបំណ ង ដើម្បីដណ្តើមយកមូលដ្ឋាននៅលើផ្លូវធំដែលតភ្ជាប់ក្រុងម៉ានស៊ី ជាមួយណាំខាំ នៅភាគខាងជើងរដ្ឋសាន។

មន្រ្តីព័ត៌មានរបស់ KIA បាននិយាយថា KIA ត្រូវតែព្យាយាមនិងរឹបអូសយកមូលដ្ឋាននេះ ពីព្រោះមានកងទ័ពយោធាជាច្រើនបានដាក់ពង្រាយនៅទីនោះ។ លោកបានបន្ថែមថា ការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងចាប់តាំងពីព្រឹកថ្ងៃសុក្រ។

កងទ័ពយោធាមីយ៉ាន់ម៉ា ត្រូវបានគេដាក់ពង្រាយនៅក្នុងភូមិម៉ាដាន យ៉ាង ចាប់តាំងពីឆ្នាំ ២០១៣ នៅពេលដែលពួកគេបានបណ្តេញអ្នកភូមិប្រមាណ ២០០០ នាក់ចេញពីផ្ទះ។

ការប្រយុទ្ធគ្នាក៏ត្រូវបានគេរាយការណ៍ផងដែរ នៅទីប្រជុំជន Momauk ក្បែរមូលដ្ឋាន Alaw Bum កាលពីព្រឹកថ្ងៃសុក្រ។ ក្រុម KIA បានរឹបអូសយកមូលដ្ឋានយុទ្ធសាស្ត្រ Alaw Bum ជាប់ព្រំដែនជាមួយប្រទេសចិន ពីកងកម្លាំងរបបកាលពីចុងខែមីនា។

ចាប់តាំងពីពេលនោះមក យោធា បានបើកការវាយប្រហារតាមអាកាសជាច្រើន ដើម្បីព្យាយាមនិងចាប់យកមូលដ្ឋានទ័ពពី KIA ឡើងវិញ។ ទោះយ៉ាងណាក៏ដោយ KIA នៅតែកាន់កាប់មូលដ្ឋានហើយទាហានរបបយោធាជាង១០០នាក់ រួមទាំងមេបញ្ជាការកងវរសេនាតូចម្នាក់ ត្រូវបានសម្លាប់ក្នុងកំឡុងពេលប្រយុទ្ធគ្នាយ៉ាងខ្លាំង៕ 

ប្រភព៖ The Irrawaddy ប្រែសម្រួល៖ នង ណារិន

Telegram