សូមប្រុងប្រយ័ត្នក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីកុមារាអាយុ២ឆ្នាំ៧ខែបានស្លាប់ដោយជំងឺផ្តាសាយបក្សី ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ
សន្តិសុខសង្គម
67

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើកុមារាអាយុ២ឆ្នាំ៧ខែ ដែលមានទីលំនៅឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

បើតាមសេចក្ដីជូនដំណឹងនៅថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា «មានអ្នកជំងឺផ្តាសាយបក្សីចំនួន ១ករណី កើតលើកុមារាអាយុ២ឆ្នាំ៧ខែនឹងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយ បក្សីប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមាន ទីលំនៅក្នុងភូមិតាង៉ក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ទោះជាមានការយកចិត្តទុកដាក់ថែទាំនិងជួយសង្គ្រោះ ពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយកុមារបានស្លាប់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសារឪពុកម្តាយទើបតែបាននាំកុមារមកដល់មន្ទីរពេទ្យបណ្តាលឱ្យកុមារមានស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើមធ្ងន់ធ្ងរ»។

តាមការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារនិងមានមាន់ងាប់ ប្រហែល១៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយកុមារបានដេកនិងលេងនៅក្រោមផ្ទះជិតទ្រុងមាន់។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ ។

ក្រសួងសុខាភិបាលក៏បានក្រើនរំលឹកសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕


Telegram