ថៃរកឃើញករណីឆ្លងកូវីដ-១៩ ជិត១០,០០០នាក់ក្នុង១ថ្ងៃ ក្រោយផ្ទុះខ្លាំងនៅតាមពន្ធនាគារ
អន្តរជាតិ
399

បាងកក៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសថៃបានរាយការណ៍នៅ ថ្ងៃច័ន្ទ (១៧ ឧសភា) នូវកំណត់ត្រាប្រចាំថ្ងៃនៃករណីថ្មីចំនួន ៩.៦៣៥ ករណី ដែលរួមមានការឆ្លងចំនួន ៦.៨៥៣ ក្នុងចំណោម អ្នកទោសដែលនៅ ក្នុង ពន្ធនាគារ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធ នឹងរលកទី៣នៃជំងឺមួយនេះ។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លងកូវីដ១៩ សរុបទូទាំងប្រទេសថៃកើនដល់ ១១១,០៨២ករណី មានអ្នកស្លាប់ ៦១៤នាក់ ក្នុងនោះមានអ្នកស្លាប់ថ្មីចំនួន ២៥ នាក់ផងដែរ និងជាសះស្បើយវិញជាង ៦៧,០០០នាក់។

រហូតមកដល់ពេលនេះ ប្រទេសថៃបានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២,២លានដូស ដល់បុគ្គលិកជួរមុខ និងក្រុមដែលមានហានិភ័យខ្ពស់ ដោយប្រើវ៉ាក់សាំងនាំចូលដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន Sinovac Biotech និង AstraZeneca។

ការចាក់វ៉ាក់សាំងឱ្យបានទូលំទូលាយ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅខែមិថុនាជាមួយនឹងកំរិតវ៉ាក់សាំងAstraZeneca ផលិតក្នុងស្រុក។ ការ ចាក់វ៉ាក់សាំងបានបើកជាសាធារណៈនៅចុងសប្តាហ៍នេះ ដោយមានគោលដៅលើមនុស្សពេញវ័យ ចំនួន ៧០ ភាគរយនៅក្នុងប្រទេស ដែលមានប្រជាជនជាង ៦៦ លាននាក់៕ 

ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន

Telegram