រថយន្តដែលបង្កគ្រោះថ្នាក់ នៅក្នុងបុរីពិភពថ្មី ហើយព្យា យាមបើកគេចខ្លួននោះ សមត្ថកិច្ចឃា./...ត់រថយន្តបានហើយ
សន្តិសុខសង្គម
242

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ រថយន្តហាយឡែនឌឺ នៅក្នុងបុរីពិភពថ្មីហើយ ព្យាយាមបើករត់គេចខ្លួនពីកន្លែងកើតនោះ សមត្ថកិច្ច នគរបាលខណ្ឌដង្កោ ឃាត់រថយន្តបានហើយនិងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោហើយ។នេះបើយោងការបង្ហោះរបស់ផេកផ្លូវការរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះ។

ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះថា៖ រថយន្តហាយឡែនឌ័របង្កគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងបុរីពិភព កាលពីរសៀលថ្ងៃទី២១ មីនាកន្លងទៅនោះ សមត្ថកិច្ចយើងបានស្រាវជ្រាវរកឃើញរថយន្ត យកមករក្សាទុកនៅអធិការដ្ឋានខណ្ឌ ដង្កោហើយកាលពីយប់មិញនេះ។

ដោយឡែកលោកវរសេនីយ៍ទោ ឃឹម សារិទ្ធិ អធិការរងខណ្ឌដង្កោ ទទួលការងារផែនចរាចរណ៍បានបញ្ជាក់បន្ថែមឲ្យដឹងថា៖ រថយន្តបង្កហេតុខាងលើនេះ ក្រោយកើតហេតុអ្នកបើកបរ បានព្យាយាមបើកគេចពីកន្លែងកើតហេតុមិនទទួលខុសត្រូវ ហើយសមត្ថកិច្ចយើងបានស្រាវជ្រាវ រកឃើញរថយន្តទុកចោលនៅផ្ទះបងប្អូននៅឯទួលពង្រ ។ បច្ចុប្បន្នរថយន្តបង្កបានយកមករក្សា ទុកនៅអធិការដ្ឋានខណ្ឌ និងទុកឱកាសឲ្យម្ចាស់រថយន្តបង្កចូលដោះស្រាយជាមួយជនរងគ្រោះ។

លោកវរសេនីយ៍ទោ ឃឹម សារិទ្ធិ បន្តថា៖ បើតាមនីតិវិធីព្រហ្មទណ្ឌកម្លាំងជំនាញយើង នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការដដែលទេ តែនេះយើងឲ្យជនបង្កម្ចាស់រថយន្ត នឹងចូលខ្លួនដោះស្រាយរដ្ឋប្បវេណីសំណងជនរងគ្រោះសិន។

គួរបញ្ជាក់ថា៖ ករណីគ្រោះចរាចរណ៍នេះ បានកើត ឡើងកាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បង្ក ឡើងដោយរថយន្ត១គ្រឿងម៉ាកហាយឡេនឌ័រ ព័ណ ស ពាក់ស្លាកលេខកំពង់ធំ2B-5236 បុកម៉ូតូ១គ្រឿងម៉ាកហុងដាC-125 ស្ថិតនៅលើបណ្តោយផ្លូវ១៩ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ។ ក្រោយកើតហេតុរថយន្តបង្កហេតុបានព្យា យាមបើករត់គេចខ្លួនពីកន្លែងកើតហេតុមិនទទួលខុសត្រូវ៕


Telegram