ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៧:០០នាទី នៅចំណុចក្រុមទី១៦ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានករណីអគ្គិភ័យ មួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង (ខូចខាតទាំងស្រុង) ទំហំ ០៥ម៉ែត្រ x ០៨ម៉ែត្រ សង់អំពីឈេី ប្រក់សង្ក័សី របស់ម្ចាស់ផ្ទះឈ្មោះ នឿង ណាន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។ សម្ភារខូចខាតរួមមាន៖ ផ្ទះចំនួន ០១ខ្នង និងសម្ភារប្រើប្រាស់ផ្សេងៗ នៅក្នុងផ្ទះត្រូវភ្លើងឆេះអស់ទាំងស្រុង ។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ម្ចាស់ផ្ទះមិននៅ) ទើបបណ្តាលអោយមានអគ្គិភ័យឆាបតែម្តង ។ គ្រោះអគ្គិភ័យនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។ ករណីនេះដែរ កម្លាំងនគរបាលការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋានខេត្តបាត់ដំបង បានចុះពន្លត់អគ្គិភ័យ នេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង៕


