មនុស្សជាង២០០នាក់បានស្លា.ប់ និង១៥០០នាក់របួស ក្នុងរយៈពេល៧ថ្ងៃនៃការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
អន្តរជាតិ
276

អន្តរជាតិ៖ សារព័ត៌មាន ចិន ស៊ីនហួរ បានចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ការិយាល័យរបស់អង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)បាននិយាយ កាលពីថ្ងៃចន្ទថា មនុស្ស ២០៨នាក់ត្រូវបានសម្លាប់និងយ៉ាងហោចណាស់ ១.៥០០ នាក់បានរងរបួសនៅក្នុងការប្រយុទ្ធគ្នារវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីន។

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានរាយការណ៍ថា មនុស្ស ១៩៨ នាក់បានស្លាប់រួមទាំងកុមារ ៥៨ នាក់និង ១៣០០ នាក់រងរបួសនៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលក្នុងរយៈពេល ៧ ថ្ងៃ។ អ៊ីស្រាអែល ក៏បានរាយការណ៍ដែរថា មនុស្ស ១០នាក់ បានស្លាប់និងរាប់រយនាក់ផ្សេងទៀតរងរបួស ដោយការវាយប្រហាររ៉ុក្កែតប៉ាឡេស្ទីនដែលផ្តើមចេញពីតំបន់ហ្គាហ្សា។

ផ្តោតលើរបាយការណ៍របស់ខ្លួនស្តីពីចំនួនប្រជាជនប៉ាឡេស្ទីន បាននិយាយថា ប្រជាជនផ្លាស់ទីលំនៅជាង ៤២.០០០ នាក់កំពុងស្វែងរកការការពារនៅតាមសាលាចំនួន ៥០នៅទូទាំងតំបន់ហ្គាហ្សា ដែលប្រតិបត្តិការដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ដែលគេស្គាល់ថា UNRWA ។

ដោយដកស្រង់សម្តីរបស់ក្រសួងសាធារណការនិងលំនៅដ្ឋាននៅហ្គាហ្សា OCHA បានរាយការណ៍ថា អគារចំនួន ៩៤ ត្រូវបានបំផ្លាញនិងផ្ទះចំនួន ២៨៥ ខ្នងរងការខូចខាតយ៉ាងដំណំ មនុស្សជាង ២៥០០ នាក់គ្មានផ្ទះសម្បែង។

OCHA បាននិយាយថា អគ្គិសនីនៅទូទាំងតំបន់ហ្កាហ្សា មិនដំណើរការ រំខានដល់ការផ្តល់សេវាថែទាំសុខភាពនិងសេវាកម្មចាំបាច់ផ្សេងទៀត រួមទាំង តម្រូវការជំនួយស្បៀងអាហារ ។

អង្គការសហប្រជាជាតិនិងដៃគូមនុស្សធម៌ផ្តល់នូវស្បៀងអាហារនិងរបស់របរ ដល់ប្រជាជនដែលផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សា ជាង ៥២.០០០នាក់។

ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ ជាពិសេសទៅលើអគារខ្ពស់ៗ កំពុងបង្កើនការព្រួយបារម្ភនៃការវាយប្រហារ ដែលមិនរើសអើងនិងមិនសមាមាត្រ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។

ដូចគ្នានេះដែរ ការបាញ់រ៉ុក្កែតនិងកាំភ្លើងត្បាល់ ទៅលើទីតាំងដែលមានប្រជាជនច្រើននៅហ្គាហ្សា ចូលទៅក្នុងមជ្ឈមណ្ឌលប្រជាជនស៊ីវិលនៅអ៊ីស្រាអែលក៏អាចខុសច្បាប់ផងដែរ។

OCHA បាននិយាយថា នៅតំបន់ West Bank រួមទាំងនៅយេរូសាឡឹមខាងកើត ការធ្វើបាតុកម្មនិងការប៉ះទង្គិចគ្នារវាងកងទ័ពប៉ាឡេស្ទីននិងអ៊ីស្រាអែល បានផ្ទុះឡើងនៅទីតាំងជាច្រើនក្នុងពិធី រំលឹកដល់ថ្ងៃNakba កាលពី ថ្ងៃសៅរ៍។ ជនជាតិប៉ាឡេស្ទីន២នាក់ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល។

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក លោក Joe Biden បានសម្តែងការគាំទ្រចំពោះបទឈប់បាញ់ បន្ទាប់ពីមានអំពើហិង្សារយៈពេល៧ ថ្ងៃ រវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

អង្គការសហប្រជាជាតិ ក៏បានសម្តែងការព្រួយបារម្ភ អំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលក្រីក្ររួចទៅហើយ ដែលជាកន្លែងមានប្រជាជន ២ លាននាក់។ សាលារៀនចំនួន ៤០ និងមន្ទីរពេទ្យចំនួន ៤ ត្រូវបាន« បំផ្លាញទាំងស្រុងឬដោយផ្នែក» នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

គួរបញ្ជាក់ថា ការផ្ទុះឡើងនៃអំពើហិង្សាបានចាប់ផ្តើម បន្ទាប់ពីមានភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលបានកើនឡើងនៅក្នុងទីក្រុងហ្សេរុយសាឡឹមខាងកើត ដែលបានឈានដល់ការប៉ះទង្គិចគ្នានៅទីតាំងដ៏សក្ការៈមួយ ដែលគោរពបូជាដោយប្រជាជនម៉ូស្លីមនិងជ្វីហ្វ៕ ប្រភព៖ xinhuanet ប្រែសម្រួល៖ នង ណារិន

Telegram