ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ បង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ ។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩និង ៥០នាទីយប់ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥ ចំណុច ភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបាន រួមមាន ៖
១- ឈ្មោះ ទឹម សុផល(ហៅជ្រូក) ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅ ភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
២- ឈ្មោះ ដា ឡុងឌី ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ជាងម៉ូតូ មានទីលំនៅ ភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល
៣- ឈ្មោះ គង់ សំរិត ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅ ភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូត វត្ថុតាងចាប់យករួមមាន៖
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១០ កញ្ចប់(តូច៨ ធំ២)( ទំងន់៦,៩៧ក្រាម)
២/សម្ភារៈសម្រាប់ប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន
៣/ ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន១
៤/ម៉ូតូ១គ្រឿងម៉ាក Honda Wave ពណ័សូកូឡា ពាក់ស្លាកលេខ ភ្នំពេញ 1BB 6997 ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋគគីរ សហការជាមួយប្រជាការពារ បានធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំគគីរ ពេលមកដល់ចំនុចកើតហេតុបានឃើញជនសង្សយ័ឈ្មោះ ទឹម សុផល កំពុងឈរក្នុងវត្តបទុមសត្ថា(ហៅវត្តថ្មី)ដោយមានការសង្សយ័ កម្លាំងសមត្ថកិច្ច បាន ហៅជនសង្ស័យ អោយឈប់ ហើយបានធ្វើការត្រួតពិនិត្យ រកឃើញម្សៅ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់តូច ក្រោយត្រួតពិនិត្យរួច កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនឹងវត្ថុតាងមកប៉ុស្តិ៍គគីរ ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ទឹម សុផល បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច ដែរសមត្ថកិច្ចរកឃើញ ជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទៅទិញពីឈ្មោះ ដា ឡុងឌី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ដើម្បីយកមកប្រើប្រាស់ និងធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ដា ឡុងឌី ចំនួន១៣ដងមកហើយ ក្នុងម្តងៗ ១០០០០រៀល ( មួយម៉ឺនរៀល) ។
ក្រោយបានចម្លើយសារភាពរបស់ឈ្មោះ ទឹម សុផល(ជ្រូក) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨:១០ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ សហការជាមួយប៉ុស្តិ៍គគីរ បានបន្តទៅឃាត់ខ្លួនឈ្មោះ ដា ឡុងឌី និងឈ្មោះ គង់ សំរិត នៅចំនុចផ្ទះរបស់ឈ្មោះ ដា ឡុងឌី ស្ថិតនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ រួចធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀនម៉ាទឹកកកចំនួន ៩កញ្ចប់(តូច៧ ធំ២) ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ សម្ភារៈវេចខ្ចប់និងប្រើថ្នាំញៀនមួយចំនួន ក្រោយឆែកឆេររួចកម្លាំងសមត្ថកិច្ចបាននាំខ្លួន ឈ្មោះ ដា ឡុងឌី និងឈ្មោះ គង់ សំរិត មកផ្នែកប្រឆាំងគ្រឿងញៀនស្រុកដើម្បីសួរនាំបន្ត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ឈ្មោះ ដា ឡុងឌី បានសារភាពថា ខ្លួនពិតជាបានលក់ថ្នាំញៀនទៅអោយឈ្មោះ ទឹម សុផល ១០០០០រៀល(មួយម៉ឺនរៀល) ប្រាកដមែន ចំពោះថ្នាំញៀនដែលសមត្ថកិច្ចរកឃើញចំនួន៩កញ្ចប់ ជារបស់ខ្លួន ដែលទិញពី មនុស្សប្រុសស្រី(ប្តីប្រពន្ធ) មិនស្គាល់ឈ្មោះ ជនជាតិ វៀតណាម នៅចំនុចដីដុះកណ្តាលទន្លេមេគង្គ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ តំលៃ៣៦០០០០រៀល(សាមសិបប្រាំមួយម៉ឺនរៀល)១កញ្ចប់ធំ និងធ្លាប់ប្រើឈ្មោះ គង់ សំរិត យកថ្នាំញៀនលក់អោយគេចំនួន២ដង ។ ចំនែកឈ្មោះ គង់ សំរិត បានសារភាពថា ខ្លួនធ្លាប់ទៅទិញថ្នាំញៀនជាមួយឈ្មោះ ដា ឡុងឌី ចំនួន៤ដង និងធ្លាប់យកថ្នាំញៀនពីឈ្មោះ ដា ឡុងឌី ទៅលក់អោយគេចំនួន២ដង។
ក្រោយពីសួរនាំរួច កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្សយ័ទាំង៣នាក់ នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធី ៕ នុច




.jpg?1747206356)
.jpg?1747206364)

.jpg?1747206365)





