ខេត្តស្វាយរៀង៖ ថ្លើមធំមែន មិនដឹងគាត់គិតអីក្នុងខ្លួននោះទេ បានជាជម្រុញចិត្តគាត់ហ៊ានដល់ថ្នាក់ ចូលមកលួចរថយន្តសឺរ៉ែនរបស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមកវិញ ។
ហេតការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងផ្ទាល់តែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អូន វិចិត្រ អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។ ដោយមុនពេលកើតហេតុ បុរសខាងលើបានលួចយករថយន្ដសឺរ៉ែនមួយគ្រឿងម៉ាក តូយ៉ូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខនគរបាល 2-4203 រួចជិះចេញទៅបាត់ ដោយសមត្ថកិច្ចស្មានថាកម្លាំងនគរបាលចេញល្បាតចល័តទើបមិនបានសួរនាំ។ លុះមកដល់វេលាម៉ោង០៧ មិនឃើញរថយន្តត្រឡប់មកវិញ ទើបលោកបានបញ្ជាអោយកម្លាំងឆែកមើលកាមេរ៉ាសុវត្ថិភាព និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយករថយន្តខាងលើពិតប្រាកដមែន។ បន្ទាប់ពីលួចរថយន្តបានហើយ ខ្លួនក៏ជិះគេចខ្លួនតាមបណ្ដោយផ្លូវជាតិលេខ១ ទៅទិសខាងកើត រួចបត់ទៅស្រុកកំពង់រោទ៍ដល់ចំណុចភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង ក៏ត្រូវសមត្ថកិច្ចឃាត់រូបខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី ប្រគល់អោយសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

.jpg?1747206902)
.jpg?1747206902)
