ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ខណៈកំពុងដើរប្រមូលលុយភាស៊ីពីអាជីវករលក់ដូរតាមម៉ូតូរ៉ឺម៉កតាមផ្លូវ
សន្តិសុខសង្គម
80

រាជធានីភ្នំពេញ៖​ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខាងមុខរោងចក្រហុងវ័ន ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ យកមកសាកសួរ ខណៈកំពុងដើរប្រមូលលុយភាស៊ីពីអាជីវករលក់ដូរតាមម៉ូតូរ៉ឺម៉ក ។

ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះ រួមមាន ៖

-ទី១/ឈ្មោះ សា ម៉ាក់ឆាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ។

-ទី២/ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជយ័ រាជធានីភ្នំពេញ ។

-ទី៣/ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រងផ្សារ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោម ចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

-ទី៤/ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រងផ្សារ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ផាន ស៊ីគា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមេភូមិ ស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ១៣ ស្ថិតនៅភូមិត្រពាំង ថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។ ដកហូតម៉ូតូ០១គ្រឿងម៉ាកHonda Dream ពណ៌ខ្មៅ ឆ្នាំ២០២៣ស្លាកលេខកណ្តាល 1AS-​0309។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ កំពុងតែនៅអង្គុយក្នុងផ្ទះ ពេលនោះស្រាប់តែមានប្រជាពលរដ្ឋរាយការណ៍ថា មានជនសង្ស័យ០២នាក់ឈ្មោះ ម៉ី សាផាត ភេទប្រុសនិងឈ្មោះសា ម៉ាក់ឆាន ភេទប្រុស បានដើរប្រមូលលុយពីអ្នកលក់ដូរនៅលើផ្លូវសាធារណៈខាងមុខរោងចក្រហុងវ័ន ទើបភ្លាមៗគាត់និង ប្រជាការពារភូមិត្រពាំងថ្លឹង៤ ប្រជាការពារសង្កាត់ចោមចៅទី១ សហការជាមួយសាលាខណ្ឌពោធិ៍សែនជ័យ ចុះទៅដល់កន្លែងកើតហេតុខាងលើ ក៏បានឃើញជនសង្ស័យទាំង០២នាក់ដើរប្រមូលលុយពីអ្នកលក់ដូរនៅទីតាំងខាងលើពិតប្រាកដមែន ក៏ឃាត់ ខ្លួនជនសង្ស័យទាំង០២នាក់ មកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដើម្បីសួរនាំ ។

ក្រោយមកជនសង្ស័យទាំង២នាក់នេះ ឆ្លើយសារភាពថា ខ្លួនពិតជាបាននាំគ្នាដើរយកលុយពីប្រជាពលរដ្ឋលក់ដូរនៅលើផ្លូវសាធារណៈពិតប្រាកដមែន ដោយមានបញ្ជាពីប្រធានផ្សារទួលពង្រឲ្យពួកខ្លួនដើរប្រមូលលុយឲ្យជារៀងរាល់ថ្ងៃ ។ ពេល ដែលសមត្ថកិច្ចកំពុងតែសួរនាំជនសង្ស័យទាំង០២នាក់ ក៏ឃើញ ប្រធានផ្សារទួលពង្រទាំង០២នាក់ប្តីប្រពន្ធបានមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ក៏ឃាត់ខ្លួនប្រធានផ្សារទាំង០២នាក់ ប្រគល់ឲ្យសមត្ថកិច្ចសួរនាំបន្ថែម សរុប៤នាក់ និងដាក់ពាក្យបណ្តឹងដើម្បីកសាងសំណុំរឿងបញ្ជូន ទៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវីធីច្បាប់៕


Telegram