ខេត្តព្រះសីហនុ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់ នៅចំណុចផ្លូវបំបែកអូរចំណារចូលកោះខ្យង ភូមិបត់គគីរ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានកើតមានករណីឆក់ទូរស័ព្ទដៃ (លួចមានស្ថានទម្ងន់ទោស) មួយករណី ។
ក្រោយហេតុការណ៍នេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូរឧកញ៉ាហេង សុំជួយអន្តរាគមន៍ស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ។
កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម សហការជាមួយប៉ុស្ដិ៍នគរបាលសង្កាត់អូរឧកញ៉ាហេង និងសង្កាត់រាម បានសម្រេចឃាត់ខ្លួនជនសង្ស័យឈ្មោះ សេម ខែ នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល នៅផ្ទះរបស់គាត់ ស្ថិតក្នុងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ។
កម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាង និងនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកំពង់សោម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាត់ការតាមនិតិវិធីច្បាប់ ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ សេម ខែ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅ ភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដកហូត វត្ថុតាងរួមមាន ៖ ម៉ូតូ ១គ្រឿងម៉ាក HONDA SCOOPY ពណ៌ខ្មៅ ស្លាកលេខព្រះសីហនុ 1I-7930 លេខតួ និងលេខម៉ាស៊ីន: KT110DE8179757 ទូរស័ព្ទ ១គ្រឿងម៉ាក OPPO (របស់ជនសង្ស័យ) ។
ក្នុងនោះ សម្ភារបាត់បង់ ទូរស័ព្ទ IPHONE 11 ពណ៌ស្វាយ ស្រោមពណ៌ផ្កាឈូក មានតុក្ដា (ជនសង្ស័យបានបោះចោលតាមផ្លូវរកមិនឃើញ) ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ ៕




