មុខសញ្ញាលួចទ្រព្យសម្បត្តិ០២នាក់ ត្រូវសមត្ថកិច្ចក្រុងបាត់ដំបងឃាត់ខ្លួន
សន្តិសុខសង្គម
64

ខេត្តបាត់ដំបង៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ជួល ស្ថិតក្រុមទី៣២ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួច (ទ្រព្យសម្បត្តិ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ កែវ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ សម្ភារៈបាត់បង់រួមមាន៖ កុំព្យួទ័រម៉ាកឌែល ពណ៌ខ្មៅ ចំនួន០១គ្រឿង ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ផ្នែកជំនាញព្រហ្មទណ្ឌ័ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០០ និង១០នាទី ទើបឈានដល់ការនាំខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ប៉ុក វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និង២-ឈ្មោះ អៀ រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅមិនពិតប្រាកដ នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពដកសោរចូលលួចទ្រព្យសម្បត្តិក្នុងបន្ទប់ជួល របស់ជនរងគ្រោះត្រង់ចំណុចកើតហេតុខាងលើពិតប្រាកដមែន ។

សម្ភារៈដកហូតបាមរួមមាន៖ កុំព្យួទ័រម៉ាកឌែល ពណ៌ខ្មៅ ចំនួន០១គ្រឿង, បាស់ម៉ាជេប៊ីអិល ពណ៌ត្រេអ៊ី ចំនួន០១គ្រឿង, ទុយណឺវីស ដងពណ៌ខៀវ ចំនួន០២ដើម, សោសឺឡិច បែកគ្រាប់ ចំនួន០២គ្រាប់, មួកសុវត្តិភាព ពណ៌ស ចំនួន០១, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូម៉ាកយ៉ាម៉ាហាមិចឃីង ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1T-5786 ចំនួន០១គ្រឿង។

ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Telegram