លោកតាឥសីសំរឹទ្ធ ដែលតាំងខ្លួនជាគ្រូបារមីស្នងរូប៧ភាសា ត្រូវអាជ្ញាធរចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គមសារជាថ្មី! (មានវីដេអូ)
យោងតាមផេកផ្លូវការរបស់ មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ដោយមានកិច្ចសហការពី អាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញលោក វ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ដែលតាំងខ្លួនជាគ្រូបារមីស្នងរូប៧ភាសា មានអាសយដ្ឋាននៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មកធ្វើកិច្ចសន្យាណែនាំឱ្យបញ្ឈប់ និងលុបវីដេអូ រូបថតសកម្មភាពពាក់ព័ន្ធនឹងការ ទស្សន៍ទាយ ប្រោះព្រំ លើករាសី ជាដើម តាមប្រព័ន្ធបណ្ដាញសង្គម ដែលនាំអោយប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តថភាពសង្គម និងសាសនា ទាំងចាស់ ទាំងថ្មីចេញទាំងអស់ ។












