ទីបំផុត! សង្រ្កាម ប្រយុទ្ធយ៉ាងសាហាវរវាងអ៊ីស្រាអែលនិងបាឡេស្ទីនហាម៉ាស ដែលបានសម្លាប់មនុស្សរាប់សិននាក់ ឈានដល់ការ«បទឈប់បាញ់»
អន្តរជាតិ
155

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា «បទឈប់បាញ់» ដែលគេរំពឹងទុកជាខ្លាំងរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា បានចូលជាធរមានជាផ្លូវការនៅព្រឹកថ្ងៃសុក្រ (២១ ឧសភា) វេលាម៉ោង ២ ព្រឹក (ម៉ោង ៧ ព្រឹកសិង្ហបុរី) ។

អ្នកកាសែត AFP បាននិយាយថា មានតែការបាញ់កាំភ្លើងអបអរសាទរត្រូវបានគេ ធ្វើ នៅតាមដងផ្លូវហ្កាហ្សា ខណៈដែលមិនមានគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាសត្រូវបានបាញ់ទៅលើប្រទេសអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មាននាទី បន្ទាប់ពីការឈប់បាញ់បានចាប់ផ្តើមដែលព្យាយាមបញ្ចប់ការប៉ះទង្គិចដ៏សាហាវរយៈពេល ១១ ថ្ងៃ។

បទឈប់បាញ់គ្នាធ្វើឡើងដោយអេហ្ស៊ីបដែលរួមបញ្ចូលទាំងក្រុមប្រដាប់អាវុធ ដែលមានឥទ្ធិពលបំផុតទី ២ នៅហ្គាហ្សាផងដែរ ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីទប់ស្កាត់ការបង្ហូរឈាមគ្នា។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ។

សេតវិមានបាននិយាយនៅឯសេតវិមាន ដោយកោតសរសើរតួនាទីរបស់អេហ្ស៊ីប ក្នុងការធ្វើកិច្ចព្រមព្រៀងនេះថា«ខ្ញុំជឿជាក់ថា យើងមានឱកាសពិតប្រាកដ ដើម្បីធ្វើឱ្យមានការរីកចម្រើន ហើយខ្ញុំប្តេជ្ញាធ្វើការឆ្ពោះទៅរកវា»។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា គណៈរដ្ឋមន្រ្តីសន្តិសុខបាន«ទទួលយកជាឯកច្ឆន្ទនូវអនុសាសន៍របស់មន្រ្តីសន្តិសុខទាំងអស់ ... ដើម្បីទទួលយកគំនិតផ្តួចផ្តើមពីអេហ្ស៊ីប សម្រាប់បទឈប់បាញ់គ្នាទៅវិញទៅ មក ដោយគ្មានលក្ខខណ្ឌជាមុន»។

គួជម្រាបថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ១០ ខែឧសភា បន្ទាប់ពីភាពតានតឹងជាច្រើនសប្តាហ៍ នៅទីក្រុងយេរូសាឡិម ជាពិសេសការបណ្តេញចេញប្រជាជនប៉ាឡេស្ទីននៅភាគខាងកើតក្រុងយេរូសាឡិម ។

កងទ័ពអ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាសនិងក្រុមប្រដាប់អាវុធអ៊ីស្លាមដទៃទៀតនៅហ្គាហ្សា បានបាញ់រ៉ុក្កែតជាង ៤៣០០គ្រាប់ ឆ្ពោះទៅប្រទេសអ៊ីស្រាអែល ប៉ុន្តែភាគច្រើននៃការបាញ់នេះ គឺសំដៅទៅកាន់តំបន់ដែលមានប្រជាជនច្រើន តែត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារអាកាស Iron Dome របស់អ៊ីស្រាអែល។

ប៉ូលីសបាននិយាយថា រ៉ុក្កែតបានឆក់យកជីវិតមនុស្សចំនួន ១២ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល រួមទាំងកុមារ ២ នាក់និងទាហានអ៊ីស្រាអែលម្នាក់ជាមួយជនជាតិឥណ្ឌាម្នាក់និងជនជាតិថៃ ២ នាក់ ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់។

ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ២៣២ នាក់ក្នុងនោះមានកុមារ ៦៥ នាក់ និង ១.៩០០នាក់ផ្សេងទៀត បានរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា ដោយបន្សល់ទុកតំបន់ជាច្រើននៅក្នុងគំនរបាក់បែក និង ប្រជាជនចំនួន ១២០,០០០ នាក់ ត្រូវផ្លាស់ទីលំនៅ៕

ប្រភព៖ Channel News Asia  ប្រែសម្រួល៖  នង ណារិន

Telegram