គូស្នេហ៍ជនជាតិឥណ្ឌា ជះលុយជួលយន្តហោះរៀបការនៅលើអាកាស ដើម្បីគេចពីបំរាម រឹតត្បិតកូវីដ១៩
អន្តរជាតិ
130

អន្តរជាតិ៖ សារព័ត៌មាន BBC បានចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា តាមសេចក្តីរាយការណ៍បានឲ្យដឹងថាប្តីប្រពន្ធជនជាតិឥណ្ឌាមួយគូ បានជិះយន្តហោះដើម្បី រៀបចំពិធីមង្គលការនៅពាក់កណ្តាលអាកាស ជាមួយភ្ញៀវជាង ១៦០ នាក់ ក្នុងគោលបំណងដើម្បីគេចផុតពីការរឹតត្បិតពីការឆ្លងវីរុសកូវីដ១៩។

ខ្សែវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញប្តីប្រពន្ធនិងភ្ញៀវរបស់ពួកគេ នៅ ក្នុងយន្តហោះមួយគ្រឿងដែលពួកគេបានជួល។

រដ្ឋTamil Nadu ដែលជើងហោះហើរ ត្រូវបានគេនិយាយថា ថ្មីៗនេះបានដាក់កម្រិតតឹងរ៉ឹងជាងមុន ដោយកំណត់ឱ្យមានពិធីមង្គលការមាន ភ្ញៀវត្រឹមចំនួន ៥០ នាក់។

សេចក្តីរាយការណ៍និយាយថា អាជ្ញាធរអាកាសចរណ៍របស់ប្រទេសឥណ្ឌាបានកំពុងបើកការស៊ើបអង្កេត។

មន្រ្តីមកពីអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល (DGCA) បានប្រាប់កាសែត Times of India ថា បុគ្គលិករបស់ ក្រុមហ៊ុន SpiceJet ដែលជិះនៅលើជើងហោះហើរនោះត្រូវបានគេបណ្តេញ ចេញពីការងារ ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន SpiceJet បានប្រាប់កាសែត Indian Express ថា យន្ដហោះប៊ូអ៊ីង ៧៣៧ ត្រូវបានកក់ពីMaduraiទៅ Bangalore ដោយភ្នាក់ងារទេសចរណ៍សម្រាប់ដំណើរកម្សាន្តបន្ទាប់ពីរៀបការ។

អ្នកនាំពាក្យបាននិយាយថា អតិថិជនត្រូវ បានគេ«ពន្យល់យ៉ាងច្បាស់អំពីគោលការណ៍ណែនាំ Covid-19»។

យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ប្រទេសឥណ្ឌាកំពុងទទួលរងនូវការផ្ទុះឡើងនៃមេរោគឆ្លងវីរុសលើកទី ២ ដែលបាន សម្លាប់មនុស្សយ៉ាងហោចណាស់៣០ ម៉ឺននាក់។ អ្នកជំនាញប៉ាន់ស្មានថាចំនួនអ្នកស្លាប់ពិតប្រាកដគឺខ្ពស់ជាងឆ្ងាយណាស់។

មន្ទីរពេទ្យនិងកន្លែងបូជាសពនៅក្នុងប្រទេសនេះ ត្រូវបានគ្របដណ្ដប់យ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឱ្យមានកង្វះអុកស៊ីសែនធ្ងន់ធ្ងរ និងសាកសពត្រូវបានដុតជារៀងរាល់ ម៉ោង។

គ្រួសារជាច្រើនដែលមិនអាចមានលទ្ធភាពចំណាយលើការបូជា បាន បញ្ចុះសាកសពមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅច្រាំងទន្លេគង្គា ឬរុញសាកសពរបស់ពួកគេចូលទៅក្នុងទឹកទន្លេ៕ ប្រភព៖ BBC ប្រែសម្រួល៖ នង ណារិន

Telegram